មន្ទីរសុខាភិបាលខេត្តកណ្ដាល បានបង្កើតក្រុមការងារជំនាញសហការជាមួយគណៈគិលានុបដ្ឋាក ដើម្បីចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីវីដេអូសង្គ្រោះបឋមដល់អ្នកជំងឺស្រីអាយុ ១៧ឆ្នាំម្នាក់ ដែលត្រូវបានមហាជនរិះគន់ថា «មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ» ហើយអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

សេចក្តីបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះ និងចែករំលែកវីដេអូយ៉ាងព្រូសព្រៀងលើបណ្តាញសង្គម ជុំវិញសកម្មភាពសង្គ្រោះបឋមរបស់លោកគ្រូពេទ្យនៅមណ្ឌលសុខភាពសិត្បូ ទៅលើអ្នកជំងឺស្រីវ័យ ១៧ឆ្នាំម្នាក់ ដែលបង្កើតឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជន។

ពាក់ព័ន្ធនឹងករណីនេះដែរ គ្រូពេទ្យម្នាក់ឈ្មោះ Rapon Sok (លោក សុខ រ៉ាផុន) បានចេញមុខបង្ហោះវីដេអូលើគណនីផ្ទាល់ខ្លួនដោយលើកឡើងថា ការបៀតបៀន ឬការរំលោភបំពានលើអ្នកជំងឺ ជារឿងរំលោភលើក្រមសីលធម៌វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែលអាចប្រឈមនឹងទណ្ឌកម្មវិន័យ ការដកអាជ្ញាប័ណ្ណ និងការទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបានគូសបញ្ជាក់ ដោយផ្អែកលើ អនុក្រឹត្យលេខ ៦១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ នូវចំណុចសំខាន់ៗចំនួន ៤ គឺ៖

  1. គោរពសិទ្ធិ និងឯកជនភាព៖ គ្រូពេទ្យត្រូវគោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងឯកជនភាពរបស់អ្នកជំងឺគ្រប់រូប។
  2. ហាមឃាត់ការបៀតបៀន៖ មិនត្រូវប្រើប្រាស់ទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជំងឺ ដើម្បីប្រព្រឹត្តអំពើបៀតបៀនផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទឡើយ។
  3. មានគោលបំណងច្បាស់លាស់៖ ការពិនិត្យរាងកាយ ឬជួយសង្គ្រោះ ត្រូវធ្វើឡើងក្នុងគោលបំណងវេជ្ជសាស្ត្រសុទ្ធសាធ ដោយមានការពន្យល់ និងការយល់ព្រមពីអ្នកជំងឺដោយគ្មានការបង្ខិតបង្ខំ។
  4. រក្សាព្រំដែនវិជ្ជាជីវៈ៖ ត្រូវរក្សាព្រំដែនជានិច្ច និងជៀសវាងអាកប្បកិរិយាទាំងឡាយណាដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថាអាម៉ាស់ ភ័យខ្លាច ឬគ្មានសុវត្ថិភាព។

លោក សុខ រ៉ាផុន បានរំលឹកបន្ថែមថា ការចែករំលែកនេះ គឺក្នុងគោលបំណងក្រើនរំលឹកដល់សហការីក្នុងវិស័យសុខាភិបាលដូចគ្នា និងដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីឥរិយាបថត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ ជៀសវាងការរំលោភបំពានផ្សេងៗដែលកើតឡើងដោយអចេតនា ឬចេតនា។

Share.