ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយនាំយកគោលនយោបាយ និងព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាជន ព្រមទាំងនាំយកមតិ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឡប់មកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា ក្រសួងព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើន រួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកម្មវិធីទូរស័ព្ទដៃ (App) ដែលជាប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋ ដើម្បីធានាសិទ្ធិទទួលព័ត៌មាន និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានជឿជាក់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំក្នុងយុគសម័យឌីជីថល។
ទន្ទឹមនឹងការបញ្ជាក់ពីតួនាទីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជំនួបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែល លោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាង VNA ប្រចាំកម្ពុជាអាណត្តិចាស់ ចូលជម្រាបលា និងការទទួលស្វាគមន៍ លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង VNA អាណត្តិថ្មី។
ក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។ កិច្ចសហប្រតិបត្តិការនេះស្តែងចេញយ៉ាងច្បាស់តាមរយៈអនុស្សរណៈយោគយល់គ្នា (MoU) ដែលត្រូវ បានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម នាពេលកន្លងមក ដែលបាន និងកំពុងផ្តល់លទ្ធផលជាក់ស្តែងលើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ។
ជាការឆ្លើយតប លោក ដូ ហ៊ុយ ប៊ិញ ប្រធានការិយាល័យតំណាង VNA អាណត្តិថ្មី បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា ដោយ VNA នឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍ សមិទ្ធផល និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។ លោកបានឱ្យដឹងថា ជាមធ្យម VNA ប្រចាំកម្ពុជាផលិត និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាប្រមាណ ១០០ អត្ថបទក្នុងមួយខែ លើគ្រប់វិស័យ រួមទាំងការប្រើប្រាស់ប្រភពព័ត៌មានផ្លូវការរបស់កម្ពុជាដូចជា AKP និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដើម្បីផ្សព្វផ្សាយជាច្រើនភាសាតាមបណ្តាញរបស់ខ្លួនទៅកាន់សាធារណជនវៀតណាម និងអន្តរជាតិ៕

