ភ្នំពេញ៖ ភាពស្អាតស្អំ និងភាពបើកចំហរបស់កម្ពុជាលើទិដ្ឋភាពសិទ្ធិមនុស្សត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យការរិះគន់ និងការចោទប្រកាន់ពីសំណាក់ភាគីថៃ ក្លាយជាគ្រាន់តែជាល្បិចកល់នយោបាយបិទបាំងទង្វើខុសឆ្គងរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវប៉ុណ្ណោះ។

ជាក់ស្តែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញមុខការពារ និងវាយតម្លៃខ្ពស់ចំពោះការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews បន្ទាប់ពីរូបលោកទទួលបានការរិះគន់ដោយអយុត្តិធម៌ពីប្រទេសថៃ។

កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំជាមួយលោក Thomas Andrews ក្នុងឱកាសនៃការបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា។ ក្នុងជំនួបនោះ លោកជំទាវបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ «វិធីសាស្ត្រវាយតម្លៃដ៏គ្រប់ជ្រុងជ្រោយ និងប្រកបដោយតុល្យភាព» របស់អ្នករាយការណ៍ពិសេស UN ដែលបានចុះពិនិត្យស្ថានភាពផ្ទាល់ដល់ដី រួមទាំងការចុះទៅមើលស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែន ដែលកំពុងរងគ្រោះដោយសារបញ្ហាក្នុងតំបន់។

ផ្ទុយពីការព្យាយាមលាបពណ៌ ឬរាំងស្ទះពីសំណាក់ភាគីថៃ កម្ពុជាបានបង្ហាញពីភាពសុក្រឹត និងឆន្ទៈពិតប្រាកដ ដោយបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជូនដល់អ្នករាយការណ៍ពិសេស UN ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ លោក Thomas Andrews បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ភាគីពាក់ព័ន្ធជាច្រើនរូប ចុះទស្សនកិច្ចនៅខេត្តសៀមរាប បន្ទាយមានជ័យ និងមណ្ឌលឃុំឃាំង ដោយគ្មានការលាក់លៀម។

លើសពីនេះ លោក Andrews ក៏បានឃើញផ្ទាល់ភ្នែកពីទុក្ខវេទនារបស់ប្រជាជនភៀសសឹកនៅតាមព្រំដែន ដោយលោកបានសម្តែងក្តីសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័ស ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ។ ការមើលឃើញការពិតរបស់ UN នៅតំបន់ព្រំដែននេះហើយ ដែលធ្វើឱ្យភាគីថៃសម្តែងការមិនពេញចិត្ត និងព្យាយាមរិះគន់អ្នករាយការណ៍ពិសេសរូបនេះ ព្រោះតែថៃខ្លាច «ការពិត» ត្រូវស្ដែងឡើងចំពោះមុខពិភពលោក។

លោកជំទាវ អ៊ាត សោភា បានរំលឹកថា កម្ពុជាជាប្រទេសតែមួយគត់នៅអាស៊ី ដែលមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN (OHCHR) ប្រចាំស្រុក តាំងពីឆ្នាំ១៩៩៣ និងបានធ្វើការយ៉ាងស្ថាបនាជាមួយអ្នករាយការណ៍ពិសេសរហូតដល់ ៨រូប ជាបន្តបន្ទាប់។ ជាងនេះទៅទៀត កម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗរហូតដល់ ៨ ក្នុងចំណោម ៩ និងបានទទួលយកអនុសាសន៍ UPR រហូតដល់ជាង ៨៤% ដែលជាភស្តុតាងមិនអាចបដិសេធបាននៃស្មារតីទទួលខុសត្រូវរបស់កម្ពុជា។

ការដែលថៃព្យាយាមវាយប្រហារលើរបាយការណ៍ និងការងាររបស់តំណាង UN ពេលនេះ បាន និងកំពុងស្តែងឱ្យឃើញកាន់តែច្បាស់ថា ថៃខ្លួនឯងទេដែលកំពុងភ័យខ្លាចចំពោះការពិត ហើយព្យាយាមប្រើការរិះគន់នេះធ្វើជាខែលបិទបាំងការគេចវេសមិនព្រមដោះស្រាយបញ្ហាព្រំដែន និងការមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលកំពុងរងគ្រោះ៕

https://troryorng.com/
Share.