ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនសមាគមកាកបាទក្រហមចិន ដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌ និងការសង្គ្រោះជនរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ «ណូល» (Noul) វាយប្រហារលើខេត្តជាច្រើននៃប្រទេសចិន។

ការបរិច្ចាគនេះ ត្រូវបានធ្វើឡើងតាមរយៈលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូន ឯកឧត្តម ហឺ វ៉េ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយបានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រោះមហន្តរាយដែលបានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ បណ្តាលឱ្យប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងមានអ្នកស្លាប់ និងរងរបួសមួយចំនួន។

ក្នុងលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា ក្នុងនាមកាកបាទក្រហមកម្ពុជា និងផ្ទាល់ខ្លួន សូមបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ក្នុងការជួយសង្គ្រោះ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងបានជូនពរឱ្យការស្តារតំបន់ដែលរងការបំផ្លិចបំផ្លាញអាចប្រព្រឹត្តទៅបានឆាប់រហ័ស ព្រមទាំងសូមឱ្យប្រជាជនចិនទាំងអស់មានសុខភាពល្អ និងឆ្លងផុតពីគ្រោះមហន្តរាយនេះក្នុងពេលឆាប់ៗ។

Share.