បាត់ដំបង÷ អាជ្ញាធរខេត្តបាត់ដំបងបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជិត ៥០០០សន្លឹកដល់ពលរដ្ឋដើម្បីបានគ្រប់គ្រងប្រើប្រាស់ពេញលេញស្របច្បាប់។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វើឡើងនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៦ ផ្តល់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់បេង ភូមិដំណាក់ក្សាន្ត ភូមិអូរដា និងភូមិបួរ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក សរុបចំនួន ៤៩២៣ប័ណ្ណ ស្មើប្រជាពលរដ្ឋចំនួន ២៦២៦គ្រួសារ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា÷ ពាក់ព័ន្ធផ្ទៃដីអចលនវត្ថុខាងលើសម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងសេវាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី រីឯគ្រួសារទូទៅមិនឋិតក្នុងគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យត្រូវបង់សេវា ១ម៉ែត្រការ៉េ ចំនួន៤រៀលសម្រាប់ដីកសិកម្ម និងសម្រាប់ដីសាងសង់ ១ម៉ែត្រការ៉េ ថ្លៃសេវាចំនួន ៣០រៀល។

ឯកឧត្តម សុខ លូ ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់សូមថែរក្សាប័ណ្ណឱ្យបានល្អដោយមិនត្រូវលក់ដី ឬដាក់បញ្ចាំនោះទេគួរតែរក្សាទុកឲ្យបានត្រឹមត្រូវ ហើយទុកសម្រាប់ចែកតកូនតចៅបានកាន់កាប់ប្រើប្រាស់យូរអង្វែងតទៅ។

ឯកឧត្តមក៏បានលើកឡើងថ្លែងអំណរគុណចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានពន្លឿនផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃនេះប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ជាប្រយោជន៍ស្របច្បាប់ និងទុកសម្រាប់ចែកតដល់កូនតចៅជំនាន់ក្រោយៗទៀត៕

អត្ថបទ: ដំបងក្រញូង

Share.