កាលពីljថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​រៀប​ចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្តើមបានជើងឯក ក្នុងការប្រកួតពាន់រង្វាន់ SEA V CUP លើកទី៦ នៅសាធារណរដ្ឋហ្វីលីពីន នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

​ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មាន​ការអញ្ញើញជាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន វើក គ្រូបង្វឹក​ កីឡាករ ក្រុម​ការងារ​សហព័ន្ធ រួម​ជាមួយ​បងប្អូន​អ្នក​សារព័ត៌មាន​ជាច្រើន។


អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន វើក បាន​បង្ហាញ​អារម្មណ៍រីករាយ និងមានមោទនភាពដែលបានចូលរួមពិធីជប់លៀងសំណេះសំណាលជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងស្វាគមន៍ការវិលត្រឡប់មកកាន់មាតុភូមិវិញ ប្រកបដោយកិត្តិយស និងជ័យជំនះដ៏អស្ចារ្យក្នុងការដណ្តើមបានពានជើងឯក SEA V.Cup លើកទី៦ ជើងទី១ នៅប្រទេសហ្វីលីពីន។

អ្នកឧកញ៉ា លាង ម៉េង បាន​បន្ត​ថា សមិទ្ធផលប្រវត្តិសាស្ត្រនេះ កើតមានឡើងបានដោយសារការចង្អុលបង្ហាញ​ទិសយ៉ាងខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យពី ឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ព្រមទាំងការដឹកនាំការងារប្រតិបត្តិយ៉ាងសកម្មរបស់ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ និងក្រុមការងារទាំងអស់។ ជ័យជំនះដ៏អស្ចារ្យនេះ គឺជានិមិត្តរូបដ៏មានតម្លៃសម្រាប់វិស័យកីឡាបាល់ទះកម្ពុជា ដែលបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រ លើកពានរង្វាន់ថ្នាក់តំបន់។ សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពរបស់កីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរួមរបស់ប្រជាជនទាំងមូល ដែលបានឃើញទង់ជាតិកម្ពុជាបង្ហាញវត្តមានយ៉ាងមានកិត្តិយសនៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា លាង ម៉េង បាន​រំលេចថា៖ ខ្ញុំបានសួរ បងឯកឧត្តមអភិ រឿងកីឡាករជម្រើសជាតិយើង បើសិនជាទទួលបានមេដាយមាស SEA Games មែន ខ្ញុំឱ្យ ២គីឡូ ហើយ ខ្ញុំសូមជប់លៀង ២ថ្ងៃទៀត ថ្ងៃសៅរ៍ និងអាទិត្យ។ ដោយសារកន្លែងនេះចង់សូមឱ្យកីឡាករយើងទាំងអស់គិតថា យើងលែងជាគ្រួសារ លេីសពីមនុស្ស ប្រជាជនយើងទាំងមូល បើយើងគិតថាតែគ្រួសារ មកគ្រាន់តែហាត់ដើម្បីយកប្រាក់ខែ ឬមួយចូលក្លឹបហ្នឹង គឺមិនអាចជ័យជំនះបានទេ។ ត្រូវគិតថាធ្វើម៉េចយកមុខមាត់ជាតិឱ្យបាន! ដូចខ្ញុំចឹង ការពិតទៅត្រូវជួយឧបត្ថម្ភថវិកា ៥០លានរៀល​ទេ តែមើលទៅរន្ធត់ និងជក់ចិត្ត ចឹងឱ្យ ១០០លានហ្មងទៅ។

តាមការឧបត្ថម្ភជាបន្តបន្ទាប់ បង្ហាញច្បាស់ពីការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំប្រឹងប្រែង ស្មារតីតស៊ូ គ្រូបង្វឹក និងថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមនូវមោទនភាព និងកិត្តិយសដ៏ធំធេងជូនមាតុភូមិ។ ត្បិតតែយើងមិនអាចដណ្តើមជើងឯកទាំង ២ជើង ក៏មហាជន ជាពិសេសអ្នកគាំទ្រ នៅតែបន្តគាំទ្រ និងឱ្យតម្លៃការខិតខំប្រឹងប្រែង ឆន្ទៈមុតមាំ និងស្មារតីតស៊ូរបស់កីឡាករគ្រប់រូប។ នេះហើយជាអ្វីដែលយើងមានមោទនភាពបំផុត។

ថ្លែង​ក្នុង​ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​យើង​ឃើញ​នៅ​លើតុគឺ​ជាស្នាដៃ ៦០ឆ្នាំ សមទ្ធផល​ទាំង​អស់​នេះ គឺ​ជាសមិទ្ធផល​ហួស​ពី​ការរំពឹង​ទុក ក្នុយ​រយ:​ពេល​ប្រមាណ​ជា ៥ឆ្នាំចុង​ក្រោយ​​នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត បាន​បន្ត​ថាដើម្បី​ទទួល​ភាព​ជោគជ័យ​ជូន​ជាតិ​បន្ត​ទៀត ការ​លះបង់​តែ​មួយម៉ាត់​គត់​មិន​គ្រប់​គ្រាន់​ទេ គឺ​ត្រូវ​មាន​វិន័យ ដូច​នេះ​កីឡាករ​ដែល​មាន​ជំនឿលើសហព័ន្ធ គឺ​ត្រូវ​លះបង់​ និង​ថែទាំសុខភាព ទាំងបាល់ទាត់​និង​បាល់ទះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មាន​ប្រសាសន៍​បន្ថែម​ថា ពេល​នេះ ឬថ្ងៃមុន​ក៏​ដោយ​កីឡាករ​ពេល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភកុំស៊ីម្ដង​ឱ្យអស់ និង​ត្រូវ​បន្ត​ខិតខំប្រឹង​ប្រែង​ជាប្រចាំ។ ឯកឧត្តមអភិ ក៏​បាន​សូម​អធ្យាស្រ័យ​ដែល​ពេល​កន្លង​មក​ក្រុម​ជម្រើសជាតិ​មួយចំនួន​ចេញ​តែ​ពី​ក្លិប​វិសាខា ដោយ​សារ​តែ​មាន​ការប្រមូល​ផ្ដុំ ប៉ុន្តែ​ទៅ​មុខ​ទៀត​យើង​អត់​បិទ​ទ្វា ពាក្យ​សហព័ន្ធកឺ​សហព័ន្ធដើម្បីជាតិ មិន​មែន​ដើម្បី​ខ្ញុំម្នាក់​ ឬដើម្បី​ក្រុម​បាល់ទះ​ណាមួយ​ឡើយ។ ដូច​នេះ​កីឡាករ​ដែល​មាន​ឆន្ទ:​ការលះបង់ យើង​នឹង​ជ្រើសរើស​នៅ​ពេល​ខាងមុខ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏​បាន​លើកឡើង​ពី សមិទ្ធផលសំខាន់ៗ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រេចបានក្នុងអាណត្តិទី៦ ព្រមទាំងលទ្ធផលនៃការដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ដែលជាពិសេស គឺការដណ្តើមបានជើងឯក និងមេដាយមាស ក្នុងការប្រកួត SEA V Cup លើកទី៦ ឆ្នាំ២០២៦ (ជើងទី១) នៅសាធារណរដ្ឋហ្វីលីពីន ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់ជាប្រចាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ សំដៅលើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពកីឡាករ និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ។

ក្នុង​នោះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏​បាន​រំលេច​បីកីឡាករជម្រើសជាតិ វឿន វាសនា ត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ជាមួយក្លិបអាជីព Taichung Win Streak នៅទីក្រុងតៃជុង កោះតៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន ដែលជាឱកាសដ៏មានតម្លៃក្នុងការទទួលបានបទពិសោធន៍កម្រិតអាជីព និងជួយលើកកម្ពស់គុណភាពកីឡាករជាតិឱ្យឈានដល់កម្រិតអន្តរជាតិ។ សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ការវិនិយោគលើមនុស្ស គឺជាមូលដ្ឋានដ៏រឹងមាំ ដែលបានរួមចំណែកដោយផ្ទាល់ដល់ការដណ្តើមបានមេដាយ និងជើងឯកជាបន្តបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា។

លើកពី​នេះ អនុប្រធានសហព័ន្ធ ក៏​បាន​ប​ង្ហាញ​ពី​វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងសម្ភារបច្ចេកទេស។ ការគាំទ្រយ៉ាងសកម្មពីដៃគូឧបត្ថម្ភជាច្រើន ដែលបានចូលរួមទាំងផ្នែកថវិកា សម្ភារ បច្ចេកទេស និងការផ្សព្វផ្សាយ។ ការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះថ្នាក់ជាតិ និងអន្តរជាតិ សរុប ៥៣ព្រឹត្តិការណ៍ ដែលជាចំនួនច្រើនជាងគេមិនធ្លាប់មានចាប់តាំងពីការបង្កើតសហព័ន្ធកីឡាបាល់ទះកម្ពុជា។ បន្ថែម​លើសពី​នេះ​ ក្នុងចំណោមសមិទ្ធផលសំខាន់ៗនៃអាណត្តិទី៦ មានសមិទ្ធផលមួយដែលអាចចាត់ទុកថាជាចំណុចរបត់ដ៏មានន័យជាប្រវត្តិសាស្ត្រសម្រាប់វិស័យកីឡាបាល់ទះកម្ពុជា គឺ ការទទួលបានចំណាត់ថ្នាក់ក្នុង FIVB World Ranking។

គួរ​បញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងការឈ្នះមេដាយសំរិទ្ធ SEA Games ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តមេដាយប្រាក់ SEA Games ឆ្នាំ២០២៣ នៅកម្ពុជា រហូតបង្កើតបានប្រវត្តិសាស្ត្រឈ្នះជើងឯក SEA V Cup លើកទី៦ ជើងទី១ នៅប្រទេសហ្វីលីពីន៕

Share.