ស្ថានភាពអសន្តិសុខ និងអំពើហិង្សានៅខេត្តភាគខាងត្បូងនៃប្រទេសថៃបាននិងកំពុងហក់ឡើងមិនចេះឈប់មិនចេះហើយ ខណៈក្រុមទាមទារឯករាជ្យភាគខាងត្បូង បានបង្កើនការវាយប្រហារជាបន្តបន្ទាប់ ដោយផ្លាស់ប្តូរទម្រង់ប្រតិបត្តិការពីការកំណត់គោលដៅលើកងកម្លាំងប្រដាប់អាវុធ មកជាការវាយប្រហារលើមន្ត្រីរាជការស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈវិញ។

យោងតាមការចេញផ្សាយរបស់បណ្តាញផ្សព្វផ្សាយ Amarin TV បានឱ្យដឹងថា ការវាយប្រហារចុងក្រោយបង្អស់បានកើតឡើងនៅវេលាម៉ោង ៦:០០ល្ងាច ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឃុំ Dusongnyo នៃស្រុក Chanae ខេត្ត Narathiwat។ ក្រុមប្រដាប់អាវុធបានលួចបង្កៃគ្រាប់បែកឆ្នៃដាក់នៅក្នុងរថយន្តភីកអាប់ម៉ាក ISUZU របស់មន្ត្រីរាជការថៃម្នាក់ រួចបំផ្ទុះឡើង បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងបង្កើតជាបរិយាកាសចលាចលយ៉ាងខ្លាំងនៅទូទាំងតំបន់។
ទោះបីជាហេតុការណ៍ផ្ទុះរថយន្តនេះមិនបានបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរសន្តិសុខថៃបានប្រកាសអាសន្នភ្លាមៗ និងហាមប្រាមប្រជាពលរដ្ឋមិនឱ្យចូលទៅជិតកន្លែងកើតហេតុ ដើម្បីបង្ការក្រែងមានការបង្កៃគ្រាប់បែកលើកទី២ ដែលជាល្បិចសង្គ្រាមធ្លាប់ប្រើប្រាស់ជាញឹកញាប់។

អំពើហិង្សានៅខេត្ត Narathiwat នាពេលនេះបានឈានដល់ចំណុចកំពូល បន្ទាប់ពីហេតុការណ៍វាយប្រហារប្រដាប់អាវុធដ៏រន្ធត់កាលពីសប្តាហ៍មុន នៅពេលដែលក្រុមប្រដាប់អាវុធបានបើកការឆ្មក់បាញ់រះ និងគប់គ្រាប់បែកចូលប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae។ ការវាយប្រហារនោះបានសម្លាប់យោធិនថៃចំនួន ៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងបណ្តាលឱ្យជនស៊ីវិល ៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានកុមារអាយុចន្លោះពី ១០ ទៅ ១៥ឆ្នាំផងដែរ។
ឆ្លើយតបនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ រដ្ឋាភិបាលថៃបានសម្រេចចិត្តប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅទូទាំងខេត្ត Narathiwat ដើម្បីបង្កើនអំណាចដល់កងកម្លាំងប្រដាប់អាវុធក្នុងការឆែកឆេរ និងចាប់ខ្លួន។ បិទប្រតិបត្តិការតាមប្រមាញ់ មេដឹកនាំ និងសមាជិកក្រុមបំបែកខ្លួនដែលនៅពីក្រោយការវាយប្រហារយ៉ាងក្តៅគគុក។ ប្រកាសផ្អាកកិច្ចចរចាសន្តិភាព ជាមួយក្រុមតំណាងចលនាបំបែកខ្លួនដោយគ្មានកំណត់ពេល បន្ទាប់ពីការចរចាកន្លងមកមិនអាចទប់ស្កាត់ការហូរឈាមបាន។

ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែរដ្ឋាភិបាលអាជ្ញាធរថៃបានខិតខំប្រឹងប្រែង និងពង្រឹងកម្លាំងយ៉ាងណាក្តី ក៏នៅតែមិនទាន់អាចទប់ស្កាត់ ឬបង្ក្រាបសកម្មភាពរបស់ក្រុមទាមទារឯករាជ្យទាំងនោះបាននៅឡើយ។ កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅតាមបណ្តាខេត្តភាគខាងត្បូង ត្រូវរស់នៅក្នុងស្ថានភាពភិតភ័យ និងរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ខណៈសមត្ថភាព និងប្រសិទ្ធភាពនៃការទប់ស្កាត់របស់អាជ្ញាធរនៅតែជាសញ្ញាសួរ។
ជម្លោះប្រដាប់អាវុធនៅភាគខាងត្បូងប្រទេសថៃ (Deep South) ដែលមានខេត្តចម្បងៗ ចំនួន៣ គឺ ខេត្តNarathiwat, Yala, និង Pattani រួមទាំងផ្នែកខ្លះនៃខេត្ត Songkhla បានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារជម្លោះពូជសាសន៍ សាសនា និងប្រវត្តិសាស្ត្រ។
ការផ្ទុះអាវុធជាថ្មីក្នុងខែសីហា ឆ្នាំ២០២៦ នេះ បង្ហាញថា ក្រុមទាមទារឯករាជ្យបានបង្កើនវិសាលភាពប្រតិបត្តិការរបស់ខ្លួនឡើងវិញ ដោយបង្កើនការវាយប្រហារទៅកាន់ខេត្ត Yala និង Pattani តាមរយៈការដាក់គ្រាប់បែកតាមដងផ្លូវ ការឆ្មក់បាញ់ប្រហារលើមន្ត្រីល្បាត និងការបំផ្លាញទ្រព្យសម្បត្តិរដ្ឋជាបន្ដបន្ទាប់៕

