ណារ៉ាធិវ៉ាត់៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀត (ក្នុងនោះមានកីឡាករជនជាតិម៉ាឡេស៊ីម្នាក់) បានរងរបួស បន្ទាប់ពីរន្ទះបានបាញ់ចំទីលានបាល់ទាត់ ក្នុងក្រុងស៊ុងគៃកូឡក (Sungai Golok) នៃខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហា។

ស្នងការនគរបាលក្រុងស៊ុងគៃកូឡក លោក Thun Sirikhunt បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥:៣០នាទីល្ងាច អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ក្នុងប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ប្រចាំតំបន់ Golok FA Cup នៅកីឡដ្ឋាន Santiphap នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី New Straits Times (NST)។

ការប្រកួតនេះធ្វើឡើងរវាងក្រុម Abu x Nong Sirin និងក្រុម SAMCOLT ដែលជាក្រុមចម្រុះដោយមានកីឡាករថៃ និងម៉ាឡេស៊ី។ លោក Sirikhunt បានបន្ថែមថា ពានរង្វាន់ Golok FA Cup នេះ ក៏មានការចូលរួមពីក្រុមមកពីប្រទេសម៉ាឡេស៊ីផ្សេងទៀតផងដែរ ដូចជាក្រុម Kelantan FC ជាដើម។ ក្រុងស៊ុងគៃកូឡក មានទីតាំងស្ថិតនៅក្បែរព្រំដែនរវាងប្រទេសថៃ និងរដ្ឋ Kelantan នៃប្រទេសម៉ាឡេស៊ី។

ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានគេស្គាល់អត្តសញ្ញាណថា ឈ្មោះ Sofwan Awae អាយុ ២៤ឆ្នាំ ជាកីឡាករស្លាបរបស់ក្លឹបពាក់កណ្តាលអាជីពលីគទី៣ Yala FC។ យោងតាមសារព័ត៌មាន Thai Enquirer បានឱ្យដឹងថា កីឡាករ Sofwan បានចូលរួមប្រកួតឱ្យក្រុម Abu x Nong Sirin ក្នុងព្រឹត្តិការណ៍នេះ ទោះជាមានរបាយការណ៍ផ្ទុយគ្នាមួយចំនួនជុំវិញរឿងនេះក៏ដោយ។ រូបគេធ្លាប់លេងឱ្យក្លឹប Pattani FC ហើយទើបតែបានចុះកិច្ចសន្យាជាមួយក្លឹប Yala FC ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលកើតហេតុ។

នគរបាលថៃបានទទួលការហៅទូរស័ព្ទសង្គ្រោះបន្ទាន់នៅវេលាម៉ោងប្រមាណ ៥:៣០នាទីល្ងាចថ្ងៃអង្គារ ហើយបានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ដោយបានប្រទះឃើញកីឡាករ Sofwan ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សារព័ត៌មាន Bernama របស់ម៉ាឡេស៊ីបានដកស្រង់សម្តីលោក Thun ថា៖ «ទោះបីជាក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានខិតខំអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតគាត់យ៉ាងណាក៏ដោយ ក៏ជនរងគ្រោះបានផុតដង្ហើមដោយសាររបួសធ្ងន់ធ្ងរដែលបណ្តាលមកពីហេតុការណ៍នេះ»។

ស្នងការរូបនេះបានបន្ថែមថា កីឡាករម៉ាឡេស៊ីដែលបានរងរបួសក្នុងហេតុការណ៍នេះ មានឈ្មោះ Mohammad Alif Ezzahan Zulkifli អាយុ ២២ ឆ្នាំ។ សារព័ត៌មាន NST បានរាយការណ៍ថា កីឡាករ Alif កំពុងលេងឱ្យក្រុម SAMCOLT នៅក្នុងការប្រកួតបាល់ទាត់នេះ។

ក្លឹប Yala FC និងសមាគមកីឡាបាល់ទាត់ថៃ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់កីឡាករ Sofwan។ សមាគមកីឡាបាល់ទាត់ថៃបានថ្លែងកាលពីថ្ងៃអង្គារថា៖ «សមាគមសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់នេះ និងសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅជូនចំពោះគ្រួសារ អ្នកពាក់ព័ន្ធ និងក្លឹបបាល់ទាត់ នៅក្នុងដំណាក់កាលនៃក្តីសុខសៅនេះ»។

បច្ចុប្បន្ន កីឡាករដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Sungai Golok។

ប្រភព៖ CNA

Share.