បាងកក៖ ជំនួសឱ្យការឆ្លុះបញ្ចាំង និងកែទម្រង់ផ្ទៃក្នុងលើឥរិយាបថមន្ត្រីរបស់ខ្លួន រដ្ឋាភិបាលថៃបានរុញបន្ទុក និងការទទួលខុសត្រូវទៅឱ្យភាគីចិនវិញ ដោយបានស្នើឱ្យស្ថានទូតចិនប្រចាំប្រទេសថៃ ធ្វើការណែនាំ និងអប់រំទេសចរចិនអំពីបទប្បញ្ញត្តិនានារបស់ថៃ ក្រោយពេលកើតមានឧបទ្ទវហេតុប៉ះទង្គិចពាក្យសម្តី និងការប្រព្រឹត្តទង្វើមិនសមរម្យនៅអាកាសយានដ្ឋានសុវណ្ណភូមិ។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីហាស័ក្ខិ ភួងកៀតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានចេញមុខអត្ថាធិប្បាយជុំវិញករណីទេសចរចិនត្រូវបានរារាំងមិនឱ្យឡើងយន្តហោះ រួមទាំងរូបភាពដែលបានបែកធ្លាយបង្ហាញថា មន្ត្រីថៃបានប្រើឥរិយាបថគំរាមកំហែង ឬធ្វើបាបលើក្រុមទេសចរទាំងនោះ។ លោក ស៊ីហាស័ក្ខិ បានថ្លែងការពារជំហរអាជ្ញាធរថៃថា «រឿងអន្តោប្រវេសន៍ត្រូវតែធ្វើឡើងតាមបទប្បញ្ញត្តិ» ទោះជាលោកបានបន្ថែមថា មន្ត្រីគួរសម្រួលនីតិវិធីឱ្យបានរលូនក៏ដោយ។

ទោះជាយ៉ាងណា អ្វីដែលរងការរិះគន់ពីសាធារណជនគឺ ការដែលប្រមុខការបរទេសថៃរូបនេះ បានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើស្ថានទូតចិន ដោយលោកបានអះអាងថា វាជាកាតព្វកិច្ចរបស់ស្ថានទូតចិន ក្នុងការធ្វើឱ្យពលរដ្ឋខ្លួនយល់ដឹងពីច្បាប់ថៃ។ លោក ស៊ីហាស័ក្ខិ ថែមទាំងបានប្រើពាក្យសម្តីក្នុងន័យស្តីបន្ទោសទៅកាន់លោកអគ្គរដ្ឋទូតចិនទៀតផង ដោយបានលើកឡើងថា ស្ថានទូតមិនសម្លឹងមើលតែការការពារប្រយោជន៍របស់ទេសចរចិននោះទេ ប៉ុន្តែត្រូវដើរតួនាទីសម្រួល និងពន្យល់ប្រជាជនខ្លួនផង។
លោកបានសង្កត់ធ្ងន់ថា៖ «បេសកកម្មចម្បងរបស់អគ្គរដ្ឋទូតចិនប្រចាំនៅថៃ គឺការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងបង្កើតការយល់ដឹងល្អរវាងប្រជាជន និងប្រជាជន។ ការថ្លែងការណ៍នានាត្រូវតែគិតគូរពីទទួលខុសត្រូវនេះ ចៀសវាងការបន្ថែមប្រេងលើភ្លើងជម្លោះ។ ខ្ញុំបានពន្យល់រឿងនេះទៅកាន់លោកអគ្គរដ្ឋទូតរួចហើយ…»។


ការលើកឡើងរបស់ភាគីថៃពេលនេះ រងការរិះគន់ថាជាការខិតខំដោះសារ និងកាត់បន្ថយកំហុសរបស់មន្ត្រីប្រចាំព្រលានយន្តហោះសុវណ្ណភូមិថៃ ដែលជារឿយៗតែងតែរងការរិះគន់ជុំវិញឥរិយាបថរើសអើង គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងការប្រព្រឹត្តទង្វើមិនសមរម្យលើអ្នកទេសចរបរទេស ប៉ុន្តែបែរជាទាមទារឱ្យទូតបរទេសមកជួយកែតម្រូវស្ថានការណ៍ជំនួសអាជ្ញាធរផ្ទៃក្នុងរបស់ខ្លួនទៅវិញ។ ប្រសិនបើថៃនៅតែបន្តប្រកាន់ជំហររុញទូកបណ្តោយទឹក និងទម្លាក់បន្ទុកឱ្យប្រទេសដទៃបែបនេះ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់រូបភាពនៃវិស័យទេសចរណ៍ជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងក្លាយជាដើមហេតុបង្កើតឱ្យមានស្នាមប្រេះឆាក្នុងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនកាន់តែជ្រៅផងដែរ៕

