នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ចូលរួមនៅក្នុង «កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ» តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីបណ្ដារដ្ឋសមាជិកទាំង១១ នៃសហគមន៍ប្រជាជាតិអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

ក្នុងនាមភាគីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសន្ទរកថាស្វាគមន៍ និងបង្ហាញនូវឆន្ទះមុតមាំក្នុងការបន្តចូលរួម និងបន្តកិច្ចសហប្រតិបត្តិល្អ ជាមួយដៃគូរអន្តរជាតិ ក៏ដូចជារដ្ឋសមាជិកនៃសហគមន៍អាស៊ានក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងកិច្ចប្រជុំដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបង្ហាញជំនឿថា កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ នឹងទទួលបានលទ្ធផលជោគជ័យ តាមរយៈការពិនិត្យវាយតម្លៃសមិទ្ធផលដែលសម្រេចបាន ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងការពិភាក្សាលើចំណុចដែលត្រូវបន្តកែលម្អ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានបន្ថែមទៀត។
កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋសមាជិកអាស៊ាន ក្នុងការសម្របសម្រួលគោលនយោបាយ ផ្លាស់ប្តូរព័ត៌មាន និងពង្រឹងកិច្ចសហការឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនឆ្លងដែន និងបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមាននៅក្នុងតំបន់៕

