រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការអនុគ្រោះ និងលើកលែងពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាច្រើនករណី ដើម្បីសម្រួលបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ និងជួយពន្លឿនការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដោយក្នុងនោះក៏មានការលើកលែងពន្ធប្រថាប់ត្រា ១០០% ជូនដល់កងកម្លាំងយោធិន និងនគរបាលជាតិដែលកំពុងបំពេញបេសកកម្មនៅសមរភូមិជួរមុខផងដែរ។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចដាក់ចេញនូវវិធានការគាំទ្រផ្នែកពន្ធដារនាពេលនេះ គឺធ្វើឡើងអនុលោមតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងសេចក្តីជូនដំណឹងនោះ រាជរដ្ឋាភិបាលបានកំណត់នូវគោលការណ៍អនុគ្រោះ និងលើកលែងពន្ធសំខាន់ៗចំនួន ៤ រួមមាន៖
១. ព្យួរការអនុវត្តពិន័យពន្ធបន្ថែម៖ ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនដែលហួសរយៈពេល ៣ខែ (គិតចាប់ពីកាលបរិច្ឆេទចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត) ដោយការព្យួរពិន័យនេះត្រូវអនុវត្តរហូតដល់ ដំណាច់ឆ្នាំ២០២៧។
២. បង់ពន្ធតែមួយដងលើកចុងក្រោយ៖ ពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី០២ ខែមេស្ភាយ ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែ ១ដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
៣. សម្រួលនីតិវិធីពន្ធលើសំណង់ចុងក្រោយ៖ អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់ជាការស្រេច។
៤. លើកលែងពន្ធ ១០០% ជូនកងកម្លាំងជួរមុខ៖ លើកលែងពន្ធប្រថាប់ត្រាទាំងស្រុងលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជូនដល់ម្ចាស់កម្មសិទ្ធិជា យោធិន និងនគរបាលជាតិ ដែលបាននិងកំពុងចូលរួមក្នុងសមរភូមិជួរមុខ ដោយគ្រាន់តែមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចផ្លូវការពីអង្គភាពសាមី។
ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ច្បាស់ថា គោលការណ៍អនុគ្រោះខាងលើនេះ ពុំមានអនុភាពប្រតិសកម្ម ចំពោះប្រាក់ពន្ធ រួមទាំងទោសទណ្ឌរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលម្ចាស់អចលនទ្រព្យបានបង់រួចរាល់នោះឡើយ។
ជាកិច្ចបញ្ចប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋទាំងឡាយណាដែលជាម្ចាស់អចលនទ្រព្យ ហើយកំពុងមានឯកសារក្នុងដំណើរការនៅមន្ទីររៀបចំដែនដី រាជធានី-ខេត្ត ឬនៅរដ្ឋបាលសារពើពន្ធ មេត្តារួសរាន់អញ្ជើញទៅបំពេញបែបបទ និងនីតិវិធីនៃការចុះបញ្ជី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឱ្យបានឆាប់រហ័ស ដើម្បីអាចទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាស្ថាពរ៕
សម្គាល់៖ អានុភាពប្រតិសកម្ម សំដៅដល់ឥទ្ធិពលទៅលើសកម្មភាពពីអតីតកាល ដោយសកម្មភាពនោះស្របតាមលក្ខខណ្ឌគតិយុត្ត។

