ក្នុងរយៈពេល៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ ដោយបានរៀបចំវគ្គបំប៉នលើការងារអត្តសញ្ញាណកម្មចំនួន ១៦វគ្គ មានមន្ត្រីចូលរួមសរុបចំនួន៨៩៨រូប។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម វគ្គបណ្ដុះបណ្ដាលទាំងនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួន ដូចជា ការងាររដ្ឋបាល ក្រមសីលធម៌វិជ្ជាជីវៈ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការផ្តល់សេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលផ្តោតលើប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានក៏បានកសាងសមត្ថភាពគ្រូឧទ្ទេសថ្នាក់ជាតិ ចំនួន២០រូប លើការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធ ព្រមទាំងបានបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់រាជធានីចំនួន៩រូប ដើម្បីបន្តបណ្ដុះបណ្ដាលមន្ត្រីក្នុងដែនសមត្ថកិច្ចតាមសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។

ក្នុងរយៈពេល៦ខែនោះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត បណ្ដុះបណ្ដាលការអនុវត្តការងារសំខាន់ៗជាច្រើន រួមមាន ការតម្រង់ទិសការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ជាមួយគ្នានេះ ក៏បានបណ្ដុះបណ្ដាល ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ការពង្រឹងសមត្ថភាពការងារដល់ស្មៀនឃុំ-សង្កាត់ មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីទទួលបន្ទុកថ្នាក់ក្រុង-ស្រុក-ខណ្ឌ ព្រមទាំងការអនុវត្តការងារចុះបញ្ជីស្ថិតិ និងគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋ។ បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដោយមានរចនាសម្ព័ន្ធចំណុះចំនួន៧នាយកដ្ឋាន រួមមាន នាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន នាយកដ្ឋានសញ្ជាតិ នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា៕

ដោយលោក សេង បូលីន

Share.