រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខលំហសមុទ្រ និងការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នេះ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានចាត់ទុកកម្ពុជាជា «មិត្តដ៏ជិតស្និទ្ធ និងគួរឱ្យទុកចិត្ត»។ ឯកឧត្ដមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង ជាពិសេសលើវិស័យការពារជាតិ ព្រមទាំងបានរាយការណ៍ជូនសម្តេចធិបតី អំពីលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការការពារជាតិ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។ មុននឹងបញ្ចប់ជំនួប សម្តេចធិបតីបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

Share.