ភ្នំពេញ៖ ថ្នាក់ដឹកនាំនគរបាលជាតិ បានដាក់ចេញទិសដៅសំខាន់សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដោយជំរុញឱ្យពង្រឹងការបញ្ចូល និងគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធ ADP DATABASE SYSTEM ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន។


ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ ADP DATABASE SYSTEM ការគ្រប់គ្រង និងអនុវត្តដីកា ព្រមទាំងការងារប្រឆាំងការសម្អាតប្រាក់ ប្រចាំឆមាសទី១ និងដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៃផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យអង្គភាពពាក់ព័ន្ធពង្រឹងការទទួលខុសត្រូវលើការគ្រប់គ្រងទិន្នន័យ ព្រមទាំងជំរុញការអនុវត្តដីកា ការងារប្រឆាំងការសម្អាតប្រាក់ និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាព ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងជំរុញឱ្យបន្តបង្ក្រាបបណ្តាញជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពជាតិ និងអន្តរជាតិ។


ឯកឧត្តម ព្រុំ សន្ធរ បានគូសបញ្ជាក់ថា ការពង្រឹងប្រព័ន្ធទិន្នន័យ ត្រូវដើរទន្ទឹមនឹងការពង្រឹងការងារស៊ើបអង្កេត ការប្រមូលព័ត៌មាន ការកសាងសមត្ថភាពមន្ត្រីជំនាញ និងការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការអនុវត្តការងារស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។


កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធ Zoom៕

Share.