បាងកក៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងសារជាថ្មីនៅក្នុងប្រទេសថៃ នៅពេលដែលសិស្សសាលាម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារទៅលើគ្រូបង្រៀន និងមិត្តរួមថ្នាក់នៅសាលា Thepsirin Nonthaburi បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរប៉ូលិសថៃ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំង Thai PBS World និង Bangkok Post បានបញ្ជាក់ថា មុនពេលសិស្សរូបនោះទៅធ្វើសកម្មភាពបាញ់ប្រហារនៅសាលារៀន រូបគេបានបាញ់សម្លាប់លោកយាយ និងលោកតាបង្កើតរបស់គេនៅឯផ្ទះ ស្ថិតក្នុង Soi Wat Lad Pla Duk រួចជាស្រេច ហើយកាំភ្លើងដែលជនបង្កបានប្រើប្រាស់ គឺជារបស់លោកតាជនបង្ក។

ព្រឹត្តិការណ៍នេះបានចោទជាសំណួរធំៗជាថ្មីម្តងទៀតអំពីប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងអាវុធកាំភ្លើង និងសុវត្ថិភាពនៅក្នុងគ្រឹះស្ថានសិក្សារបស់អាជ្ញាធរថៃ ដែលហាក់ដូចជាកើតមានឡើងដដែលៗដោយគ្មានការទប់ស្កាត់ជាមុនឱ្យបានពិតប្រាកដ។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ លោក Yotsanan Wongsawat ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិត បានចុះពិនិត្យទីតាំងកើតហេតុ និងបានអំពាវនាវឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់ការចែករំលែករូបភាព ឬវីដេអូនានាជុំវិញអំពើហិង្សានេះ ដើម្បីគោរពសិទ្ធិជនរងគ្រោះ និងជៀសវាងការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដល់កុមារ និងគ្រូបង្រៀន។ ជាមួយគ្នានេះ ក្រសួងអប់រំបានប្រកាសបិទសាលារៀនកើតហេតុជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃស្ថានភាព និងរៀបចំផែនការសុវត្ថិភាពឡើងវិញ។

ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងវិធានការចំពោះមុខទាំងនេះ មតិមហាជន និងអ្នកវិភាគបានលើកឡើងថា ការបិទសាលារៀនជាបណ្តោះអាសន្ន ឬការចេញមកអំពាវនាវកុំឱ្យផ្សព្វផ្សាយរូបភាព គ្រាន់តែជា «ការដោះស្រាយបញ្ហាចុងហេតុ» ប៉ុណ្ណោះ។ បញ្ហាឫសគល់ពិតប្រាកដ គឺភាពងាយស្រួលក្នុងការទទួលបានអាវុធនៅក្នុងប្រទេសថៃ និងអវត្តមាននៃប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពដ៏រឹងមាំនៅតាមសាលារៀន ដែលនៅតែជារន្ធចន្លោះប្រហោងដ៏គ្រោះថ្នាក់។
ថ្វីត្បិតតែក្រសួងអប់រំបានសន្យាសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត ដើម្បីព្យាបាលវិបត្តិផ្លូវចិត្ត និងទប់ស្កាត់ការរើសអើង ឬការធ្វើបាបនៅក្នុងសាលារៀនយ៉ាងណាក្តី ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានមើលឃើញថាជា «ការទប់ទល់បន្ទាប់ពីមានវិបត្តិ» ជាងការមានយន្តការការពារជាមុន។ ការដែលសិស្សសាលាម្នាក់អាចកាន់អាវុធចូលក្នុងគ្រឹះស្ថានសិក្សាបានដោយរលូន គឺជាការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធសន្តិសុខសាលារៀន។
នៅក្នុងស្ថានភាពអាសន្ននេះ កងទ័ពជើងគោកដឹកនាំដោយលោកវរសេនីយ៍ត្រី Apiyut រួមជាមួយកងកម្លាំង ៥០នាក់ បានចុះទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យ Phra Nang Klao ហើយអាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគឈាមគ្រប់ប្រភេទជាប្រញាប់ ដើម្បីជួយសង្គ្រោះជីវិតអ្នករងរបួស។



ស្របពេលដែលនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធសន្យថា នឹងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ មហាជនថៃកំពុងរង់ចាំមើលថា តើរដ្ឋាភិបាលនឹងមានវិធានការច្បាប់ម៉ឺងម៉ាត់កម្រិតណាលើការគ្រប់គ្រងអាវុធកាំភ្លើង និងការកែទម្រង់សុវត្ថិភាពសាលារៀនឱ្យពិតប្រាកដ ឬមួយក៏ហេតុការណ៍ដ៏សោកសៅនេះនឹងត្រូវបំភ្លេចចោលបន្តិចម្តងៗ ដូចករណីបាញ់ប្រហារមុនៗទៀត?
គិតត្រឹមរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងការវាយប្រហារដ៏សាហាវនេះ បានកើនឡើងដល់ ៨នាក់ ខណៈជាង ២០នាក់ទៀត រងរបួស៕

