ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរយ៉ាងកក់ក្តៅដល់បេក្ខជនទាំងអស់ដែលត្រូវត្រៀមខ្លួនចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ឱ្យទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរគ្រប់ៗគ្នា។

សម្រាប់សម័យប្រឡងដែលប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រកបដោយទំនុកចិត្ត និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់លើសមត្ថភាពពិតប្រាកដរបស់ខ្លួន។

ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ឡើងវិញនូវគោលការណ៍គ្រឹះនៃការប្រឡង គឺ «អ្នកចេះ គឺជាប់» ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា៕

