នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១នេះ (១០-សីហា-២០២៦) ក្រសួងអប់រំបានកត់ត្រាឃើញបេក្ខជនអវត្តមានសរុបចំនួន ១ ២៩៤នាក់ (ស្រី ៤៧៤នាក់) ត្រូវជា ០,៨៥ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប ខណៈបេក្ខជនមួយចំនួន និងគណៈមេប្រយោគបានជួបប្រទះបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទទួលបានការសម្រួល និងអន្តរាគមន៍ពីក្រុមគ្រូពេទ្យប្រចាំការ។

ផ្អែកតាមទិន្នន័យផ្លូវការស្តីពីដំណើរការប្រឡងនាព្រឹកមិញនេះ ក្នុងចំណោមបេក្ខជនអវត្តមានទាំង ១ ២៩៤នាក់ ភាគច្រើនលើសលប់គឺជាបេក្ខជនស្វ័យរិន ដែលមានចំនួនរហូតដល់ ១ ១០០នាក់ (ស្រី ៣៨៧នាក់) ខណៈដែលបេក្ខជនចំណេះទូទៅ (សិស្សតាមវិទ្យាល័យ) មានអវត្តមានត្រឹមតែ ១៩៤នាក់ (ស្រី ៨៧នាក់) ប៉ុណ្ណោះ។

ទន្ទឹមនឹងការអវត្តមាននេះ គណៈកម្មាធិការរៀបចំការប្រឡងក៏បានកត់សម្គាល់ឃើញករណីប្រឈមផ្នែកសុខភាពរបស់បេក្ខជនសរុបចំនួន ៩៦នាក់។ ក្នុងនោះ មានបេក្ខជនចំនួន ២៧នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺគ្រុនឈាម និង ២នាក់ទៀតបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ ដើម្បីធានាដល់សិទ្ធិ និងឱកាសទទួលបានការប្រឡង អាជ្ញាធរមានសមត្ថកិច្ច និងប្រចាំការនៅតាមមណ្ឌល បានរៀបចំសម្រួលឱ្យបេក្ខជនចំនួន ២៤នាក់ ប្រឡងនៅបន្ទប់ដាច់ដោយឡែក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មានបេក្ខជនចំនួន ១១នាក់ បានសម្រេចចិត្តបោះបង់ការប្រឡងទាំងសោកស្តាយ។

ដោយឡែក សម្រាប់សមាសភាពគណៈមេប្រយោគ និងមន្ត្រីប្រចាំការវិញ ក៏ត្រូវបានរាយការណ៍ថាមនុស្សចំនួន ១៩នាក់ មានបញ្ហាសុខភាពផងដែរ ក្នុងអំឡុងពេលបំពេញភារកិច្ចនាព្រឹកដំបូងនេះ។

ទោះបីជាមានបាតុភាពអវត្តមាន និងបញ្ហាសុខភាពកើតឡើងមួយចំនួនយ៉ាងណាក្តី ក្រុមគ្រូពេទ្យប្រចាំការ និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាមណ្ឌលប្រឡងនីមួយៗ បានចាត់វិធានការឆ្លើយតប និងផ្តល់ការសង្គ្រោះបឋមបានទាន់ពេលវេលា ដើម្បីធានាឱ្យដំណើរការប្រឡងទូទាំងប្រទេសប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងរក្សាបាននូវគោលការណ៍ច្បាប់ និងយុត្តិធម៌។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕

Share.