រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបង្ហោះខ្លឹមសារលាតត្រដាង និងប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលបានខិតខំកែប្រែ ប្រកែកទម្លាក់កំហុស និងប្រឌិតសាច់រឿងថ្មី ដើម្បីបង្វែរដាន និងលាក់បាំងទង្វើរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជាលើតួលេខជនភៀសសឹកជាង ៦៥០.០០០នាក់ ដែលមាននៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

ផ្អែកលើសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា បានបញ្ជាក់ពីទិន្នន័យស្រាវជ្រាវជាក់ស្តែងថា តំបន់ស៊ីវិល រួមមានក្រុង និងភូមិចំនួន ៣៤៩ ត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមនៃការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ ស្មើនឹង ៩១.៤១១គ្រួសារ (ត្រូវជាមនុស្សរាយចំនួន ៣៦៤.៩៨៤នាក់)។
ជាងនេះទៅទៀត អង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកដោយសារការឈ្លានពានរបស់ថៃបានចំនួន ៣៣៥ភូមិ រួចរាល់ហើយ ដោយបានរកឃើញផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសរុបជាង ៣.៨០០ គីឡូម៉ែត្រក្រឡា។ អគ្គនាយករូបនេះបានគូសបញ្ជាក់ថា តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនទាន់រាប់បញ្ចូលចំនួនក្រុង ភូមិឋាន និងប្រជាពលរដ្ឋដែលបានរត់ភៀសខ្លួនបោះបង់ចោលផ្ទះសម្បែងដោយសារការភ័យខ្លាចនៃសង្គ្រាមនោះនៅឡើយទេ។



ឯកឧត្តមបានបន្ថែមថា ក្រៅពីជនរងគ្រោះ ភស្តុតាងដែលស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបំផ្លិចបំផ្លាញយ៉ាងកម្រោល និងឃោរឃៅ តាមរយៈការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក ព្រមទាំងអាវុធ និងសារធាតុគីមី រួមមាន៖ ប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូចធំរាប់ម៉ឺនខ្នង គឺជារូបភាពប្រវត្តិសាស្ត្រដែលកំពុងរង់ចាំ “យុត្តិធម៌” យ៉ាងពិតប្រាកដ៕

