បាងកក៖ ប្រទេសថៃ កំពុងចង់ប្រើប្រាស់ទំនាក់ទំនងយោធាដ៏យូរអង្វែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ធ្វើជាឧបករណ៍គាបសង្កត់ក្នុងកិច្ចចរចាពាណិជ្ជកម្ម ដោយបានព្រមានកាត់បន្ថយសកម្មភាពយោធារួមគ្នា ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រមូលពន្ធខ្ពស់លើទំនិញនាំចេញរបស់ថៃ។

តាមប្រភពព័ត៌មានពីមន្ត្រីថៃម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អនុទិន កំពុងរៀបចំលើកយកទំនាក់ទំនងយោធាដ៏យូរអង្វែងរវាងថៃ និងអាមេរិក មកជជែកនៅក្នុងកិច្ចចរចាពាណិជ្ជកម្មនាចុងខែសីហា នេះ ដោយលើកយកជម្រើសនៃការកាត់បន្ថយកិច្ចសហប្រតិបត្តិការយោធា រួមគ្នា ក្នុងនោះមានដូចជា សមយុទ្ធយោធាប្រចាំឆ្នាំ Cobra Gold នឹងត្រូវយកមកអនុវត្ត ប្រសិនបើពន្ធគយរបស់អាមេរិកបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ។ អ្នកវិភាគបានមើលឃើញថា សកម្មភាពនេះបានស្តែងឱ្យឃើញពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ថៃ ដែលសុខចិត្តយកកិច្ចព្រមព្រៀងសន្តិសុខតំបន់ទៅដោះដូរនឹងផលប្រយោជន៍សេដ្ឋកិច្ច។

កាលពីឆ្នាំមុន ថៃទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ ៥១,៤ប៊ីលានដុល្លារជាមួយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងបាងកក កំពុងប្រឹងប្រែងស្វែងរកការបញ្ចុះពន្ធ ១២,៥% ដែលដាក់ចេញដោយអាមេរិកក្រោមមាត្រា ៣០១ ដោយរំកិលមកត្រឹម ១៩% ឬទាបជាងនេះ។ លោកស្រី សុផាជី ស៊ូធុម្ភពន្ធ (Suphajee Suthumpun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ថៃបញ្ចូលបញ្ហាសន្តិសុខ និងការពារជាតិទៅក្នុងកិច្ចចរចា ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្ម ដោយសារថៃជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រជិតស្និទ្ធរបស់អាមេរិក។

ទោះជាយ៉ាងណា លោក សុរៈសាន កុងសិរី (Surasant Kongsiri) អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានសម្តែងជំហរប្រុងប្រយ័ត្ន ដោយលើកឡើងថា លោកមិនទាន់អាចបញ្ជាក់ ឬផ្ទៀងផ្ទាត់សំណើដែលភ្ជាប់កិច្ចសហប្រតិបត្តិការយោធាទៅនឹងវិវាទពន្ធគយនេះនៅឡើយទេ។

ទំនាក់ទំនងការពារជាតិរវាងអាមេរិក និងថៃ គឺជាសម្ព័ន្ធភាពសន្តិសុខដ៏ចាស់ទុំបំផុតមួយនៅអាស៊ី ដែលរួមមានសមយុទ្ធ Cobra Gold ជាសមយុទ្ធយោធាពហុជាតិដ៏ធំប្រចាំឆ្នាំ ដែលប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក ថៃ និងប្រទេសចូលរួមផ្សេងទៀត។ បទពិសោធន៍កន្លងមកបានបង្ហាញថា សម្ព័ន្ធភាពនេះធ្លាប់មានភាពតានតឹងបន្ទាប់ពីរដ្ឋប្រហារយោធានៅថៃឆ្នាំ២០១៤ ប៉ុន្តែកិច្ចសហប្រតិបត្តិការត្រូវបានស្តារឡើងវិញជាបណ្តើរៗ។

ទោះបីជាមិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយក្នុងការផ្អាក ឬកាត់បន្ថយសមយុទ្ធ Cobra Gold រវាងថៃ-អាមេរិកក៏ដោយ ប៉ុន្តែការគំរាមកំហែងរបស់ថៃក្នុងការកាត់បន្ថយចំណងយោធានេះ ត្រូវបានគេមើលឃើញថាជា ការបោះជំហានប្រកបដោយហានិភ័យ ដែលអាចប៉ះពាល់ដល់ទំនុកចិត្ត និងស្ថិរភាពសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រភព៖ Asian Speech

Share.