ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានស្នើឱ្យភាគីថៃបញ្ឈប់ការប្រើប្រាស់ពាក្យ «ជនជាតិចិនពណ៌ប្រផេះ» ដែលសម្តៅលើក្រុមបោកប្រាស់ (Scammer) ដោយចាត់ទុកថា ជាការរើសអើងជាតិសាសន៍ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសប្រជាជនចិនទូទាំងប្រទេស។

ទោះជាយ៉ាងណា អ្នកសារព័ត៌មានជើងចាស់ថៃ លោក Pravit Rojanaphruk បានសរសេរអត្ថបទលើសារព័ត៌មាន Khaosod English និង Nikkei Asia ដោយតបតវិញថា តើត្រូវប្រើពាក្យអ្វីជំនួសវិញ? លោកបានព្យាយាមការពារការប្រើពាក្យនេះថាជា «សេរីភាពក្នុងការបញ្ចេញមតិ» ព្រមទាំងចោទប្រកាន់ថា ចិនកំពុងធ្វើខ្លួនជា «មហាអំណាចអាណានិគម» លើប្រទេសថៃទៀតផង។

ការឆ្លើយតបរបស់អ្នកសារព័ត៌មានថៃរូបនេះ គ្រាន់តែជាល្បិចកលបិទបាំងការរើសអើងជាតិសាសន៍ និងការគេចវេះពីការទទួលខុសត្រូវលើអំពើពុករលួយក្នុងស្រុកតែប៉ុណ្ណោះ។

ជាក់ស្តែង ការទម្លាក់កំហុសដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួន ថៃបានព្យាយាមប្រើពាក្យ «ចិនប្រផេះ» ឬការបង្កើតពាក្យប្រមាថមកលើកម្ពុជាថា «SCambodia» គឺជាទម្លាប់របស់ថៃក្នុងការទម្លាក់កំហុសលើជាតិសាសន៍ដទៃ។ ធាតុពិត ក្រុមឧក្រិដ្ឋជនអនឡាញអាចរីកចម្រើនទៅបាន គឺដោយសារមានការបើកដៃ និងសម្រួលផ្លូវច្បាប់ពីសំណាក់មន្ត្រី និងសមត្ថកិច្ចពុករលួយរបស់ថៃផ្ទាល់។ លើសពីនេះ ពលរដ្ឋថៃខ្លួនឯងក៏ជាតួអង្គយ៉ាងសកម្មដែលបានបម្រើការងារក្នុងបណ្តាញបោកប្រាស់ទាំងនោះដែរ។

ឆ្លើយតបបញ្ហានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានប្រើសិទ្ធិស្របច្បាប់ក្នុងការការពារកិត្តិយសជនជាតិចិន ដោយចេញមុខស្នើឱ្យថៃបញ្ឈប់ការប្រើប្រាស់ពាក្យរើសអើង ដែលនេះគឺជាសិទ្ធិ និងកាតព្វកិច្ចត្រឹមត្រូវក្នុងការការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិចិន។

សូមជម្រាបថា ការវាយបក និងការការពារពាក្យប្រមាថពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយថៃនាពេលថ្មីៗនេះ បាននិងកំពុងបង្ហាញឱ្យអន្តរជាតិមើលឃើញកាន់តែច្បាស់អំពីភាពមិនចាស់ទុំខាងផ្នែកការទូត និងការគេចវេសមិនព្រមទទួលខុសត្រូវលើបទល្មើសឧក្រិដ្ឋកម្មដែលកើតមានលើទឹកដីខ្លួនឯង៕

Share.