បច្ចុប្បន្ននេះ សារមន្ទីរជាតិមានក្តីបារម្ភពីការបាត់បង់នូវគំនូរដែលមានអាយុកាលចំណាស់ មានគុណតម្លៃផ្នែកសិល្បៈបន្តវេនកេរមរតកដូនតាដែលកំពុងទទួលរងការខូចខាត ពុកផុយតាមលក្ខខណ្ឌធម្មជាតិ។ គំនូរចំណាស់ៗដែលគូរឡើងនៅលើក្រណាត់ កញ្ចក់ ក្រដាស ឈើ -ល- ប្រឈមនូវការខូចខាតយ៉ាងខ្លាំងដូចជា ពុកផុយ រលុប របក ជាពិសេសទៅទៀតនោះ សម្ភារៈដែលយកមកប្រើប្រាស់ក្នុងការគូរភាគច្រើនជាចំណីដ៏ឆ្ងាញ់ពិសារបស់ពពួកសត្វល្អិតចង្រៃ។

ដោយសង្កេតឃើញបញ្ហាទាំងនេះ សារមន្ទីរជាតិដែលជាអង្គភាពមួយមានតួនាទីក្នុងការរៀបចំទុកដាក់សមុច្ច័យពីបុរាណវត្ថុ និងសិល្បៈវត្ថុផ្សេងនោះៗ បានប្រមូលគំនូរជាច្រើនតាមរយៈ ការបរិច្ចាគផ្ទាល់ពីវត្តអារាម អ្នកគ្រប់គ្រងសមុច្ច័យឯកជនជាតិនិងអន្តរជាតិ។
ជាក់ស្តែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះចៅអធិការនិងគណៈកម្មាធិការ វត្តពោធិ៍ព្រឹក្ស ហៅវត្តកញ្ចក់ ភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រគល់គំនូរព្រះលើក្រណាត់ ចំនួន ១៣ផ្ទាំង ដែលសាងឡើងនៅក្នុងរាជ្យព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ គំនូរលើក្រណាត់ចំនួន ១៣ផ្ទាំងនេះគូររៀបរាប់រឿងព្រះវេស្សន្តរទាំង១៣កណ្ឌ ជាសិល្បៈអ្នកស្រុកមកពីខាងកោះសូទិន ដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យទេសន៍មហាជាតកក្នុងទីអារាមវត្តពោធិ៍ព្រឹក្សា ហៅវត្តកញ្ចក់។

គំនូរទាំងអម្បាលនេះបានប្រគល់មកកាន់សារមន្ទីរជាតិដើម្បីថែរក្សាអភិរក្សជួសជុល និងផ្សព្វផ្សាយលើកគុណតម្លៃសិល្បៈ ជាពិសេសទៅទៀតនោះ ដើម្បីការសិក្សាស្រាវជ្រាវពីមរតកវប្បធម៌ខ្មែរនាថ្ងៃអនាគត។
ឆ្លៀតក្នុងឱកាសនេះ សារមន្ទីរជាតិសូមអំពាវនាវដល់ព្រះចៅអធិការ ពុទ្ធបរិស័ទ និងសាធារណជន ដែលមានទឹកព្រះទ័យ សមានចិត្ត សប្បុរស បរិសុទ្ធ យល់នូវគុណតម្លៃ ប្រយោជន៍សម្រាប់ការអប់រំ និង មានគោលបំណងចង់ចែករំលែក ផ្សព្វផ្សាយនូវបុរាណវត្ថុ ជាពិសេសគំនូររបស់ខ្លួន សូមទាក់ទងមកកាន់សារមន្ទីរជាតិតាមរយៈលេខទូរសព្ទ ០១០ ៥០៥ ១១៥៕

