កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្នងការខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុក សាមគ្គីមុនីជ័យ កម្លាំងនគរបាលស្រុកសំរោងទង ស្រាវជ្រាវតាមបង្ក្រាបចាប់ខ្លួនជនសង្ស័យបានម្នាក់ ករណីលួចមេគោរបស់ពលរដ្ឋ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិគង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


ជនសង្ស័យមានឈ្មោះ នង ម៉ៅ ភេទប្រុសអាយុ៤២ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារពីបទលួចគោ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះជាម្ចាស់គោ ឈ្មោះ សេម តាំងនី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិគង្រុត ឃ៉ំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ។ គោដែលជនសង្ស័យលួចដឹកតាមរថយន្ត ញី ចំនួន៤ក្បាល ។


តាមនគរបានបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដឹកមេគិចំនួន៤ក្បាល យកទៅចងក្រោយផ្ទះដូចសព្វដង លុះដល់វេលាម៉ោងខាងលើ គ្រាដែលជនរងគ្រោះចុះបត់ជើង ស្រាប់តែបាត់គោ ទើបឆោឡោ រាយការណ៍ប្តឹងទៅសមត្ថកិច្ច ។ ភ្លាមៗត្រូវបានកម្លាំងស្នងការខេត្ត សហការជាមួយកម្លាំងស្រុក ចុះស្រាវជ្រាវ តាមស្ទាក់ ដល់ផ្លូវជាតិលេខ ៥១ គីឡូ លេខ ៣៦-៣៧ ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទះឃើញរថយន្ត កូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4061 ជនសង្ស័យដឹងខ្លួន ព្យាយាមបើករត់គេច តែជ្រុលធ្លាក់ប្រឡាយ ធ្លាក់គោចេញពីទ្រុងរថយន្ត ឃាត់ខ្លួនជនសង្ស័យ និងរថយន្ត ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នាំយកទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែងជ័យ

