មណ្ឌលគិរី៖ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ បានបញ្ចប់នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់រង្វាន់ម៉ូតូ១គ្រឿង ជូនដល់បេក្ខជន ឬបេក្ខនារីណាដែលប្រឡងជាប់ និទ្ទេស A ក្នុងខេត្តមណ្ឌលគិរី។

ការប្រកាសផ្តល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងសម្រេចបានលទ្ធផលល្អក្នុងការប្រឡង ដោយរង្វាន់ម៉ូតូ១គ្រឿងនេះ គឺជាទឹកចិត្តមួយសម្រាប់បេក្ខជនដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អប្រសើរ។

សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ ខេត្តមណ្ឌលគិរី មានបេក្ខជនសរុបចំនួន ៧៧០នាក់ ក្នុងនោះស្រី ៤៧១នាក់ ដែលបានចូលរួមប្រឡងនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយមានទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

តាមការគ្រោងទុក លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ដូច្នេះ បេក្ខជនទាំងអស់កំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ខ្លួន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.