ពោធិ៍សាត់៖ ក្នុងឱកាសអបអរសាទររុក្ខទិវា ៩ កក្កដា ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសហគមន៍ព្រៃឈើតាព្រះ ឃុំអន្សារចំបក់ ស្រុកក្រគរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសគូស្វាមីភរិយាថ្មី ឱ្យចូលរួមដាំដើមឈើ ដើម្បីជានិមិត្តរូបនៃក្តីស្រឡាញ់ និងការរីកចម្រើនរួមគ្នា។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការដាំដើមឈើមិនមែនគ្រាន់តែជាសកម្មភាពធម្មតានោះទេ ប៉ុន្តែជាការវិនិយោគលើធនធានធម្មជាតិ និងបរិស្ថាន ដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិ តាមរយៈការកែលម្អបរិស្ថាន ជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់គុណភាពជីវិត។

ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងមហាជនគ្រប់រូប ចូលរួមដាំដើមឈើនៅតាមលំនៅឋាន និងទីសាធារណៈ ដោយយ៉ាងហោចណាស់មួយលំនៅឋាន គួរមានដើមឈើមួយដើម និងអាចដាំផ្កាលម្អបន្ថែមផងដែរ។ជាពិសេស សម្រាប់គូស្វាមីភរិយាដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង គួរបង្កើតទម្លាប់ល្អ ដោយនាំគ្នាដាំដើមឈើមួយដើមទុកជាអនុស្សាវរីយ៍នៃថ្ងៃមង្គលការ។

ដើមឈើនោះអាចក្លាយជានិមិត្តរូបនៃក្តីស្រឡាញ់ ការរួមគ្នាថែរក្សា និងការលូតលាស់របស់គ្រួសារ ព្រមទាំងជាការចូលរួមដ៏មានអត្ថន័យជាមួយសង្គមជាតិ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តបានបង្កើត និងចងក្រងសហគមន៍ព្រៃឈើចំនួន ៩០កន្លែង លើផ្ទៃដីសរុប ១៤,០២៣ហិកតា គ្របដណ្តប់លើ ៩៤ភូមិ។សហគមន៍ទាំងនេះបានរៀបចំផែនការគ្រប់គ្រង ការល្បាត ការជីកប្រឡាយព្រំប្រទល់ និងជំរុញការចុះបញ្ជីដីព្រៃសហគមន៍យ៉ាងសកម្ម។

សម្រាប់ពិធីរុក្ខទិវានេះ កូនឈើចម្រុះសរុបចំនួន ៣,០០០ដើម ត្រូវបានដាំលើផ្ទៃដីសហគមន៍ចំនួន ១៣០ហិកតា រួមមាន ប្រភេទឈើធ្នង់ បេង ក្រញូង ជ្រេស និងឈើក្ងោក ដែលមួយចំនួនដាំតាមមាត់ស្រះ និងមួយចំនួនទៀតត្រូវបានចែកជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាសមាជិកសហគមន៍ ដើម្បីបន្តដាំ និងថែរក្សា៕

Share.