ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបប្រទះការប្រកួតប្រជែងយ៉ាងស្រួចស្រាវ និងជួបវិបត្តិពន្ធគយ ភាគីថៃបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការរុញច្រានទំនិញ និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារតំបន់អាហ្វ្រិក ដើម្បីស្វែងរកផ្លូវដកដង្ហើមថ្មី។ តាមប្រភពព័ត៌មានពីសារព័ត៌មានផ្នែកសេដ្ឋកិច្ចថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃបានដឹកដៃក្រុមហ៊ុនក្នុងវិស័យឯកជនរបស់ខ្លួន ចុះទៅស្រាវជ្រាវទីផ្សារដោយផ្ទាល់នៅប្រទេសនីហ្សេរីយ៉ា និងអេត្យូពី នាចុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ការបោះពួយទៅកាន់ទ្វីបអាហ្វ្រិកក្រោមគោលនយោបាយ «Thailand – Africa Initiative (TAI)» នេះ ត្រូវបានគេមើលឃើញថា ជាការខិតខំប្រឹងប្រែងរៀបចំយុទ្ធសាស្ត្ររត់រកទីផ្សារថ្មី បន្ទាប់ពីប្រទេសថៃកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងបញ្ហាពន្ធគយជាមួយទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងភាពប្រែប្រួលនៃភូមិសាស្ត្រនយោបាយសកលលោក។

សម្ដីលោក ស៊ីហាស័ក្តិ ភួងកែតកែវ បានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយថៃ ដោយបានទទួលស្គាល់ថា ថៃចាំបាច់ត្រូវតែប្រញាប់ប្រញាល់ស្វែងរកទីផ្សារថ្មីៗ ដោយសារតែទីផ្សារដើមរបស់ខ្លួនកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាពន្ធគយជាមួយអាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបដែលមិនទាន់សម្រេច។

ការណ៍នេះបានបង្ខំឱ្យថៃត្រូវនាំយកគណៈប្រតិភូពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុ រួមមានសភាពាណិជ្ជកម្ម សភាឧស្សាហកម្ម និងធនាគារ EXIM Bank ចុះទៅស្វែងរកឱកាសលក់ទំនិញនៅនីហ្សេរីយ៉ា និងអេត្យូពី ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចថៃមើលឃើញថា ការព្យាយាមរុញទំនិញថៃទៅកាន់តំបន់អាហ្វ្រិកនេះ មិនមែនជារឿងងាយស្រួលនោះឡើយ។

ទី១. នៅនីហ្សេរីយ៉ា ថៃត្រូវប្រឈមមុខនឹងបរិយាកាសធុរកិច្ចស្មុគស្មាញដូចជា បញ្ហាអំពើពុករលួយ ភាពមិនប្រាកដប្រជានៃគោលនយោបាយ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី-ដឹកជញ្ជូន ភាពចលាចលនៃអត្រាប្តូរប្រាក់ និងបញ្ហាសន្តិសុខនៅក្នុងតំបន់មួយចំនួន។

ទី២.នៅអេត្យូពី បើទោះជាមានផលិផល និងផ្លូវអាកាសល្អ ប៉ុន្តែរដ្ឋាភិបាលអេត្យូពីផ្តោតលើការវិនិយោគក្នុងស្រុកជាងការនាំចូលទំនិញ។ លើសពីនេះ ថៃត្រូវតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយទុនយក្សមកពីចិន ឥណ្ឌា តួរគី និងអារ៉ាប់រួម ព្រមទាំងបញ្ហាប្រឈមដែលអេត្យូពីមិនទាន់ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឡើយ។

ជារួមសកម្មភាពប្រញាប់ប្រញាល់របស់រដ្ឋាភិបាល និងវិស័យឯកជនថៃនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរុញច្រានទំនិញដែលកំពុងកកស្ទះ ឬជួបរបាំងពាណិជ្ជកម្មនៅទីផ្សារលោកខាងលិច ឱ្យឆ្ពោះទៅកាន់ទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិកវិញ ដើម្បីស្តារជញ្ជីងពាណិជ្ជកម្មរបស់ខ្លួនដែលកំពុង​រង​សម្ពាធ៕

Share.