សហព័ន្ធកីឡាករបាល់ទាត់ឥណ្ឌា បានប្រកាសជាផ្លូវការថាក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានសម្រេចដកខ្លួនពីពាន FIFA ASEAN Cup 2026 ទោះបីចាប់ឆ្នោតបែងចែកពូលរួចរាល់ក៏ដោយ។

មូលហេតុនោះគឺដោយសារតែក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានណាត់ជើងខ្លាំងពីអាមេរិកខាងត្បូងក្រុមជម្រើសជាតិ​ប្រេស៊ីល ដើម្បីប្រកួតមិត្តភាពអន្តរជាតិដោយជោគជ័យ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នាទីក្រុង Kolkata ប្រទេសឥណ្ឌា អំឡុងថ្ងៃ FIFA Days។

ប្រធានសហព័ន្ធកីឡាករបាល់ទាត់ឥណ្ឌា លោក Kalyan Chaubey បានថ្លែងថា៖«ប្រកួតជាមួយប្រេស៊ីលមិនងាយមានឡើយ ក្នុងមួយឆាកជីវិតនេះ»។

គួរដឹងថាសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល (Official Draw) សម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ គឺពានរង្វាន់ FIFA ASEAN Cup 2026។ ការប្រកួតនៅឆ្នាំនេះមានទម្រង់ប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបែងចែកជា២ថ្នាក់ (2 Divisions) ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ (ថ្ងៃប្រកួតតាមប្រតិទិន FIFA)។

Division 1: ប្រមូលផ្ដុំដោយក្រុមខ្លាំងៗដែលមានចំណាត់ថ្នាក់ខ្ពស់ដូចជា៖

ពូល A (Group A):

  1. ឥណ្ឌូនេស៊ី (Indonesia) – ម្ចាស់ផ្ទះ
  2. ឥណ្ឌា (India) – ក្រុមអញ្ជើញ
  3. ម៉ាឡេស៊ី (Malaysia)
  4. សិង្ហបុរី (Singapore)

ពូល B (Group B):

  1. វៀតណាម (Vietnam)
  2. ប៉ាគីស្ថាន (Pakistan) – ក្រុមអញ្ជើញ
  3. ថៃ (Thailand)
  4. ហ្វីលីពីន (Philippines)

លទ្ធផលបែងចែកពូលសម្រាប់ Division 2៖

ពូល A (Group A):

  1. ហុងកុង (Hong Kong) – ម្ចាស់ផ្ទះ
  2. មីយ៉ាន់ម៉ា (Myanmar)
  3. ព្រុយណេ (Brunei Darussalam)

ពូល B (Group B):

  1. កម្ពុជា (Cambodia)
  2. ឡាវ (Laos)
  3. ទីម័រខាងកើត (Timor-Leste)

ការបែងចែកទម្រង់លេងជា Division 1 និង Division 2 ក្នុង FIFA ASEAN Cup 2026 នេះ គឺជារបត់ថ្មីមួយដែលធ្វើឱ្យការប្រកួតកាន់តែមានភាពស្វិតស្វាញ និងមានតុល្យភាពជាងមុន។ សម្រាប់អ្នកគាំទ្រកម្ពុជា នឹងត្រូវរង់ចាំអ៊ុតមើលទម្រង់លេងរបស់ក្រុមគោព្រៃ ក្នុងការតទល់ជាមួយក្រុមជិតខាងក្នុងតំបន់ដូចជា ឡាវ និងទីម័រខាងកើត នៅលើទឹកដីកោះហុងកុង។

ការប្រកួតទាំងអស់ត្រូវបានរាប់បញ្ចូលជាការប្រកួតមិត្តភាពអន្តរជាតិផ្លូវការរបស់ FIFA៖

  • បូកបញ្ចូលពិន្ទុចំណាត់ថ្នាក់ពិភពលោក FIFA World Ranking
  • មានប្រើប្រាស់បច្ចេកវិទ្យា Goal-Line, VAR

ប្រាក់រង្វាន់សរុប៖

  • រង្វាន់សរុប៖ លើសពី ៤លានដុល្លារ
  • ជើងឯកលីគទី១ទទួលបាន៖ ១,០០០,០០០ ដុល្លារ
  • ជើងឯកលីគទី២ទទួលបាន៖ ៣០០,០០០ ដុល្លារ
  • ថ្លៃចូលរួម១ក្រុមទទួលបាន៖ ១២៥,០០០ ដុល្លារ៕
Share.