តារាសម្ដែងប្រុសក្នុងភាពយន្តភាគបែប BL លោក Nif Rattanan មានវ័យ ២៨ឆ្នាំ សម្រេចចិត្តដាក់ពាក្យប្តឹងទាមទារយុត្តិធម៌ភ្លាមៗនៅបញ្ជាការដ្ឋាននគរបាលស៊ើបអង្កេតកណ្តាល (CIB) បន្ទាប់ពីឪពុកបង្កើតរបស់លោកត្រូវក្រុមក្មេងទំនើង មួយក្រុមមានគ្នាច្រើននាក់រួមដៃជាមួយសន្តិសុខខន់ដូ ព្រួតវាយឱ្យរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែតារាប្រុសរូបនេះអះអាងថា ពាក្យបណ្តឹងដែលលោកបានដាក់នៅប៉ុស្តិ៍មូលដ្ឋានគ្មានប្រសិទ្ធ និងគ្មានការវិវត្តទាល់តែសោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥:០០ ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នៅឯខន់ដូមួយកន្លែងក្នុងតំបន់ Bang Khen។ ជនរងគ្រោះឈ្មោះ Kannapong (អាយុ ៥៨ឆ្នាំ) ជាឪពុកបង្កើតរបស់តារាសម្តែងរូបនេះ ត្រូវបានក្រុមយុវជនទំនើងដែលជាអ្នកជួលបន្ទប់ និងទារប្រាក់កម្ចី សហការជាមួយសន្តិសុខខន់ដូ ស្ទុះទៅព្រួតវាយដំយ៉ាងចាស់ដៃ ពេលជនរងគ្រោះចុះទៅទារប្រាក់ឈ្នួលបន្ទប់ និងបំណុលជំនួសប្រពន្ធ ពោលគឺម្តាយចុងរបស់តារាសម្តែងរូបនេះ។
ហេតុការណ៍អំពើហិង្សាមួយនេះបានបណ្តាលឱ្យជនរងគ្រោះបាក់ឆ្អឹងផ្ទៃមុខ បាក់ឆ្អឹងថ្គាម និងមានឈាមកកក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដែលរហូតមកទល់ពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងឃើញថាអាជ្ញាធរមូលដ្ឋានគ្មានចំណាត់ការ ទើបតារាសម្តែងរូបនេះសម្រេចចិត្តស្វែងរកកិច្ចអន្តរាគមន៍ភ្លាមៗពី «ប៉ូលីសបង្ក្រាបបទល្មើសថ្នាក់ជាតិ » ដើម្បីចាត់វិធានការច្បាប់លើក្រុមក្មេងទំនើង និងសន្តិសុខរូបនោះទៅតាមនិតិវិធី បើទោះបីជាពួកគេព្យាយាមបង់ប្រាក់សម្រួលបញ្ចប់រឿងចំនួន ២០,០០០ ទៅ ៣០,០០០ បាត ប៉ុន្តែគ្រួសារជនរងគ្រោះបានបដិសេធមិនទទួលឡើយ៕

