កំពង់ស្ពឺ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយដកហូតបានថ្នាំញៀនចំនួន៣៥កញ្ចប់ និងសម្ភារមួយចំនួនទៀត។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១ ឈ្មោះ សុខ បញ្ញា ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ ឈ្មោះ អុល មង្គល ហៅ មាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ច ក្រោយពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាខាងលើ កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៣៥កញ្ចប់ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំយកទៅសាកសួរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

