ភ្នំពេញ៖ ក្រោយអនុវត្តអស់រយៈពេលជាង២៥ឆ្នាំ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ត្រូវបានរៀបចំសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតមានក្នុងការអនុវត្តជាក់ស្តែង និងពង្រឹងប្រសិទ្ធភាព ព្រមទាំងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ នេះបើយោងតាមផេករបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រវាងគណៈកម្មការជំនាញរដ្ឋសភា និងរាជរដ្ឋាភិបាល នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា តំណាងរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការអនុវត្តជាក់ស្តែងក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យមានការកែលម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ-សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

ឯកឧត្តម សក់ សេដ្ឋា ក៏បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សេចក្តីព្រាងច្បាប់នេះ មិនមានគោលបំណងកែប្រែប្រព័ន្ធបោះឆ្នោត ឬរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមានឡើយ ប៉ុន្តែផ្តោតលើការកែលម្អការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បន្ទាប់ពីការបោះឆ្នោត។

ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់មានគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងស្ថិរភាព និងនិរន្តរភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់នេះ មានចំនួន២មាត្រា។ មាត្រាមួយ ចែងអំពីការធ្វើវិសោធនកម្មដោយកែប្រែមាត្រាចំនួន៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រួមមាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ ចំណែកមាត្រាពីរ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ។

ក្រោយពីបានពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ឯកឧត្តម កែប ជុតិមា និងសមាជិក សមាជិកានៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា បានសម្តែងការគាំទ្រសេចក្តីព្រាងច្បាប់នេះទាំងស្រុង។ ជាលទ្ធផល គណៈកម្មការទី៤ និងគណៈកម្មការទី៦ នៃរដ្ឋសភា នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា សម្រាប់ពិនិត្យ និងអនុម័តនាពេលខាងមុខ៕



