កំពង់ចាម៖ ការចូលរួមឧបត្ថម្ភទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គឺជាសកម្មភាពមួយដែលបានរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិខ្មែរ។




ជាក់ស្តែង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃចំនួន ៦វត្ត ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។




សកម្មភាពនេះធ្វើឡើងនៅវត្តឥន្ទកោសី ហៅវត្តតាងុិល ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ក្នុងឱកាសបុណ្យចូលព្រះវស្សា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងពុទ្ធបរិស័ទក្នុងមូលដ្ឋាន។
ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ មិនត្រឹមតែជាការបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងរួមចំណែកដល់ការថែរក្សា និងអភិវឌ្ឍវត្តអារាម។ ក្នុងរយៈពេលគង់ចាំព្រះវស្សា ព្រះសង្ឃត្រូវគង់នៅក្នុងទីអារាម ដើម្បីសិក្សាព្រះធម៌ សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ។




ដូច្នេះ ការឧបត្ថម្ភទេយ្យទាន និងបច្ច័យពីសំណាក់ពុទ្ធបរិស័ទ គឺជាការគាំទ្រដល់ការគង់ចាំព្រះវស្សា និងជួយបំពេញតម្រូវការចាំបាច់របស់ព្រះសង្ឃក្នុងអំឡុងពេលនេះ។
ជាមួយគ្នានេះ បច្ច័យដែលប្រគេនដល់វត្តអារាម ក៏អាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានា ដូចជា ព្រះវិហារ សាលាឆាន់ កុដិ និងសំណង់ផ្សេងៗ ដែលមានប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
សកម្មភាពខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជាក់ស្តែងក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងបន្តថែរក្សាប្រពៃណីបុណ្យចូលព្រះវស្សា ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រជាជាតិកម្ពុជា ឱ្យបន្តគង់វង្សតទៅ៕
អត្ថបទ÷ អាចារ្យលាក់
