ត្បូងឃ្មុំ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» ដោយបញ្ចូលការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការងារសរសេរ និងផលិតព័ត៌មាន ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូប។

ក្នុងឱកាសនោះ លោក ធីន ស៊ីថាច បានលើកឡើងថា ការងារសារព័ត៌មានក្នុងសម័យឌីជីថល ទាមទារឱ្យអ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធមានចំណេះដឹង និងជំនាញកាន់តែទូលំទូលាយ ជាពិសេសការសរសេរព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ខ្លីខ្លឹម មានប្រភពច្បាស់លាស់ និងអាចឆ្លើយតបបានទាន់ពេលវេលា។ លោកបានជំរុញឱ្យអ្នកចូលរួមយកចិត្តទុកដាក់សិក្សា ស្វែងយល់ និងអនុវត្តជាក់ស្តែង ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានសមស្រប និងមានការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា AI គួរត្រូវបានប្រើប្រាស់ជាឧបករណ៍ជំនួយដល់ការងារ ដើម្បីជួយសម្រួលដល់ការសរសេរ កែសម្រួល និងរៀបចំខ្លឹមសារ ប៉ុន្តែមិនអាចជំនួសការពិនិត្យផ្ទៀងផ្ទាត់ ការវិនិច្ឆ័យ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានបានឡើយ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើភាពត្រឹមត្រូវនៃព័ត៌មាន ការប្រើប្រាស់ភាសាខ្មែរ អក្ខរាវិរុទ្ធ និងប្រភពព័ត៌មាន។

តាមកម្មវិធី វគ្គបណ្តុះបណ្តាលនេះ មានការបង្ហាត់បង្រៀនលើជំនាញសរសេរព័ត៌មាន និងទម្រង់ 5W1H ដោយលោក ជឿន សុធន ជាគ្រូឧទ្ទេស ព្រមទាំងមានការអនុវត្តសរសេរអត្ថបទតាមទម្រង់ 5W1H។ ហើយក្នុងនោះ លោក យ៉ាន យាត ក៏បានធ្វើបទបង្ហាញស្តីពីជំនាញសរសេរអត្ថបទដោយប្រើ AI និងការសិក្សាអំពីឧបករណ៍ និងកម្មវិធីពាក់ព័ន្ធនឹងការងារសារព័ត៌មាន ដើម្បីឱ្យអ្នកចូលរួមអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។



គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានចាត់ទុកថាជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលផ្តោតជាពិសេសលើ «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» និងការប្រើប្រាស់ AI ក្នុងការងារសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមអនុវត្តជាក់ស្តែង កែសម្រួលអត្ថបទ និងកែអក្ខរាវិរុទ្ធ ដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមតម្រូវការនៃសារព័ត៌មានក្នុងយុគសម័យឌីជីថល៕

អត្ថបទ៖ អាចារ្យលាក់

Share.