បាត់ដំបង÷ បាត់ដំបង៖ មន្ត្រីជំនាញ ក.ប.ប. ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគបរិភោគនៅផ្សារធំស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព សរុបចំនួន ២១.៥០គីឡូក្រាម ក្នុងនោះមានពពុះសណ្តែកដែលមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ចំនួន ១៣.៥០គីឡូក្រាម។

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមន្ត្រីអធិការកិច្ចម្ហូបអាហារ សាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រេច ដែលដាក់តាំងលក់នៅក្នុងផ្សារធំស្រុកមោងឫស្សី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី។

ជាលទ្ធផល មន្ត្រីជំនាញបានត្រួតពិនិត្យតូបលក់ទំនិញចំនួន១៥ និងផ្ទះលក់ទំនិញជុំវិញផ្សារចំនួន៩ខ្នង សរុប២៤ទីតាំង ព្រមទាំងបានផ្សព្វផ្សាយ និងចែកជូនផ្ទាំងរូបភាពស្តីពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព ដល់អាជីវករមួយចំនួនផងដែរ។

ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុប២១.៥០គីឡូក្រាម រួមមាន ពពុះសណ្តែកចំនួន១៣.៥០គីឡូក្រាម ដែលមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ និងស្រាបៀរម៉ាក ABC ចំនួន១កេស ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព។ មន្ត្រីជំនាញបានដកហូតទំនិញខាងលើ និងយកទៅរក្សាទុកនៅសាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីរង់ចាំការកម្ទេចចោលតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

