ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មជិះកង់សប្បុរសធម៌ឆ្លងកាត់ទ្វីប នានាអស់រយៈពេល ២ ឆ្នាំមក លោក រិទ្ធិ ត្រូវបានតែងតាំងជាផ្លូវការជា «អង្គទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍» នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិឆ្នាំ ២០២៦-២០២៧។

ក្នុងជំពូកថ្មីនៃបេសកកម្មនេះ លោក រិទ្ធិ បានបញ្ជាក់ថា លោកនឹងផ្តោតសំខាន់លើ ការបន្តផ្សព្វផ្សាយពីសម្រស់ធម្មជាតិ វប្បធម៌ដ៏សម្បូរបែប សហគមន៍មូលដ្ឋាន ព្រមទាំងរឿងរ៉ាវល្អៗជាច្រើនរបស់ប្រទេសកម្ពុជាដែលពិភពលោកមិនទាន់បានស្គាល់ច្បាស់ ទៅកាន់ឆាកអន្តរជាតិ។

ជាមួយគ្នានេះដែរ លោកក៏បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងរូបលោកនាពេលកន្លងមក ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យបេសកកម្មសប្បុរសធម៌ និងការងារកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

Share.