កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ច និងជីវភាពប្រជាជនក្នុងខេត្ត ខណៈវិស័យនេះមានតួនាទីសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចខេត្តកំពង់ធំ។




ការលើកឡើងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ ក្នុងឱកាសឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០២៦-២០៣០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ដោយមានអ្នកពាក់ព័ន្ធប្រមាណជិត៤០០នាក់ចូលរួម។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាវេទិកាដែលគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាគិត និងពិភាក្សា ដើម្បីរៀបចំជាត្រីវិស័យសម្រាប់លើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនខេត្តកំពង់ធំ។ វត្តមានរបស់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សហគមន៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍ បានបង្ហាញពីឆន្ទៈរួមក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់ខេត្ត។ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន សន្តិសុខសេដ្ឋកិច្ច សន្តិសុខកសិកម្ម ស្បៀង ថាមពល និងទឹក សុទ្ធតែជាកត្តាសំខាន់ដែលមិនអាចមើលរំលងបាន។




ដូច្នេះ វិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ ព្រោះអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ព្រមទាំងរួមចំណែកពង្រឹងសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ។ឯកឧត្តម វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យអាទិភាព ដោយជំរុញការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាព ប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់។



សម្រាប់ខេត្តកំពង់ធំ ឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចខេត្តមានចំណែកវិស័យកសិកម្មរហូតដល់ប្រមាណ៧៤% នៃ GDP ខណៈវិស័យឧស្សាហកម្មមានប្រមាណ៦,៣%។ តួលេខនេះបង្ហាញថា វិស័យកសិកម្មគឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចខេត្ត ហើយការរៀបចំអនាគតវិស័យកសិកម្ម ក៏មានន័យថា កំពុងរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តទាំងមូលផងដែរ។
ក្នុងន័យនេះ ចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំ គឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់សក្តានុពលកសិកម្មដ៏ធំរបស់ខេត្ត ដើម្បីជំរុញការកែច្នៃ ការវេចខ្ចប់ ការវិនិយោគ សេវាកម្ម និងការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។ឯកឧត្តមបានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ត្រូវកំណត់ឱ្យបានច្បាស់ពីបញ្ហាប្រឈម និងដំណោះស្រាយ ជាពិសេសមូលហេតុដែលការស្តុក ការកែច្នៃ ការវេចខ្ចប់ និងសេវាគាំទ្រដែលភ្ជាប់ជាមួយផលិតកម្មកសិកម្ម មិនទាន់រីកចម្រើនស្របតាមសក្តានុពលផលិតកម្ម។




ជាមួយគ្នានេះ ត្រូវកំណត់អាទិភាពឱ្យច្បាស់ថា តើត្រូវធ្វើអ្វីមុន អ្វីក្រោយ អ្នកណាជាអ្នកអនុវត្ត និងតើការអភិវឌ្ឍទាំងនេះនឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជនបានយ៉ាងដូចម្តេច។ ដូច្នេះ សិក្ខាសាលានេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់សម្រាប់ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅ និងអាទិភាពអភិវឌ្ឍវិស័យកសិកម្មខេត្តកំពង់ធំ សំដៅឱ្យវិស័យនេះក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្ត៕
អត្ថបទ÷កំពង់ធំ
