ករណីភ្ញាក់ផ្អើលរឿងការគំរាមបាញ់ប្រហារ ដែលបង្ខំឱ្យសាលារៀន Loei Pittayakom ត្រូវប្រកាសបិទទ្វារភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅថ្ងៃទី១៤ ខែសីហានេះថា ពុំមែនជាផែនការវាយប្រហារពិតប្រាកដឡើយ ដោយវាគ្រាន់តែជាការផ្ទុះកំហឹងរបស់សិស្សម្នាក់ ក្រោយត្រូវប៉ូលិសឃាត់ម៉ូតូផាកពិន័យ។

កាលពីថ្ងៃទី១៤ ខែសីហានេះ សាលារៀន Loei Pittayakom ស្ថិតក្នុងឃុំ Kudpong ស្រុក Muang បានប្រកាសបិទទ្វារសាលារៀន និងណែនាំឱ្យមានការសិក្សាតាមប្រព័ន្ធអនឡាញជាបន្ទាន់ បន្ទាប់ពីមានការលេចធ្លាយសារឆាតគំរាមកំហែងបើកការបាញ់ប្រហារនៅក្នុងបរិវេណសាលា។ ទោះជាយ៉ាងណា យោងតាមការស្រាវជ្រាវរបស់កងកម្លាំងសមត្ថកិច្ចបានទម្លាយរឿងពិតដ៏គួរឱ្យភ្ញាក់ផ្អើលថា ហេតុការណ៍នេះពុំមែនជាផែនការភេរវកម្មសាលារៀននោះទេ ប៉ុន្តែជា ផ្ទុះកំហឹងរបស់សិស្សថ្នាក់ទី៨ ម្នាក់ ដែលបានខឹងនឹងសមត្ថកិច្ចហៅផាកពិន័យ។
បើតាមការបញ្ជាក់ពីស្នងការនគរបាលស្រុក Muang Loei សិស្សសង្ស័យរូបនោះបានផ្ញើសារ និងរូបថត «កាំភ្លើងខ្យល់» ទៅកាន់មិត្តភក្តិ ដោយពោលពាក្យកំហឹងថា គេនឹងបាញ់ប្រហារប៉ូលិសដែលបានឃាត់ម៉ូតូរបស់គេ។ ប៉ុន្តែ សារនោះត្រូវបានមិត្តភក្តិផ្ញើចែករំលែកបន្តគ្នា រហូតបង្កើតជាការយល់ច្រឡំ និងបង្កជាការតក់ស្លុតយ៉ាងខ្លាំងដល់គណៈគ្រប់គ្រងសាលា និងអាណាព្យាបាល។

ទោះបីជាសមត្ថកិច្ចបញ្ជាក់ថា អាវុធនោះត្រឹមជាកាំភ្លើងខ្យល់ ហើយមិនទាន់មានការចោទប្រកាន់ផ្លូវការក្តី ប៉ុន្តែប្រវត្តិអាកប្បកិរិយារបស់សិស្សរូបនេះបានចោទជាសញ្ញាសួរយ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពសង្គម។ យោងតាមប្រភពពី Manager Online សិស្សរូបនេះធ្លាប់ត្រូវទទួលពិន័យរឿងនាំយកកាំភ្លើងជ័រមកបង្អួតមិត្តភក្តិនៅសាលា ហើយថ្មីៗនេះ រូបគេថែមទាំងបានបង្ហោះរូបភាពកាន់កាំភ្លើងភ្ជង់ក្បាលខ្លួនឯងនៅលើគ្រែតាមបណ្តាញសង្គមទៀតផង ដែលនេះជាអាកប្បកិរិយាឆ្លុះបញ្ចាំងពីការជ្រលក់ប្រេងលើភ្លើងនៃចំណង់ចំណូលចិត្តអាវុធ និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

ការភ្ញាក់ផ្អើលនៅសាលា Loei មិនមែនជាផលប៉ះពាល់ធម្មតានោះទេ ប៉ុន្តែជាការរញ្ជួយផ្លូវចិត្តបន្ថែមលើរបួសចាស់នៃសង្គមថៃ។ កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ សោកនាដកម្មដ៏រន្ធត់នៅសាលា Debsirin Nonthaburi បានឆក់យកជីវិតមនុស្សរហូតដល់ ៩នាក់ រួមមានទាំងជីដូនជីតា គ្រូបង្រៀន បុគ្គលិក និងសិស្សសាលា បន្ទាប់ពីសិស្សដៃដល់អាយុ ១៤ឆ្នាំម្នាក់បានប្រើប្រាស់កាំភ្លើងខ្លីរបស់ជីតាបាញ់ប្រហារនៅសាលា ដោយសាររងសម្ពាធការសិក្សា និងការធ្វើបាបបំភិតបំភ័យ។ លើសពីនេះ កាលពីដើមឆ្នាំ២០២៦ ករណីបាញ់ប្រហារ និងចាប់ជម្រិតនៅសាលា Patongprathankiriwat ខេត្ត Songkhla ដោយយុវជនអាយុ ១៨ឆ្នាំក៏បានសម្លាប់នាយិកាសាលាម្នាក់ផងដែរ។
រលកនៃអំពើហិង្សាដ៏ខ្មៅងងឹតតាមគ្រឹះស្ថានសិក្សានេះ បានរុញច្រានឱ្យរាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ចេញបញ្ជាបន្ទាន់ឱ្យផ្អាកការចេញលិខិតអនុញ្ញាតប្រើប្រាស់ និងកាន់កាប់អាវុធជាបណ្តោះអាសន្នទូទាំងប្រទេស។ ហេតុការណ៍នៅខេត្ត Loei បានក្លាយជាមរតកព្រមានយ៉ាងច្បាស់ៗថា គ្រប់ពាក្យសម្តី និងការបង្ហោះលើបណ្តាញសង្គមពាក់ព័ន្ធនឹងអាវុធ លែងជារឿងលេងសើចទៀតហើយ នៅក្នុងសង្គមដែលកំពុងញាំញីដោយការបាញ់ប្រហារជាបន្ដបន្ទាប់គ្នា៕

