យោងតាមការចុះផ្សាយព័ត៌មានរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា មេបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយទាហាន និងយោធិនទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គមក្នុងន័យញុះញង់ ឬទាមទារដោះស្រាយបញ្ហាផ្សេងៗដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។

នៅក្នុងពិធីអប់រំចិត្តសាស្ត្រ និងពង្រឹងស្មារតីជូនដល់នាយទាហានចំណុះ កងការពារព្រំដែនគោកលេខ៤០៣ កាលពីរសៀលថ្ងៃទី ១៦ ខែសីហា ឯកឧត្តម ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ បានចុះផ្សព្វផ្សាយដោយផ្ទាល់អំពីសភាពការណ៍វិវត្តថ្មីៗនៅតាមព្រំដែន ព្រមទាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដីទប់ទល់នឹងការរំលោភបំពានពីភាគីជិតខាង។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការប្រុងប្រយ័ត្ន ការទម្លាយការសម្ងាត់ និងការបង្ហោះសារញុះញង់ផ្សេងៗ ដែលជាកត្តាបំផ្លាញកិត្យានុភាព និងភាពស្មោះត្រង់របស់កងទ័ព។

ជាមួយគ្នានេះ ឯកឧត្តម នាយសេនាធិការរង ក៏បាននាំយកបទបញ្ជា និងសារផ្តាំផ្ញើផ្ទាល់ពី ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដោយតម្រូវឱ្យនាយទាហាន និងយោធិនគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានដាច់ខាតនូវច្បាប់លក្ខន្តិកៈ ព្រមទាំងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ រាល់បញ្ហាប្រឈម ឬការតវ៉ាផ្សេងៗ មិនត្រូវយកទៅបង្ហោះលើបណ្តាញសង្គមដើម្បីសំណូមពរនោះឡើយ ប៉ុន្តែត្រូវដោះស្រាយតាមយន្តការ និងជួរថ្នាក់ដឹកនាំជាផ្លូវការ។

បន្ថែមលើនេះ ថ្នាក់ដឹកនាំយោធភូមិភាគទី៤ បានក្រើនរំលឹកដល់កងទ័ពទាំងអស់ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារមាតុភូមិ និងប្រជាជន៕

Share.