ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសន្តិសុខសុខភាព ការបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងជំរុញការគ្របដណ្តប់សុខភាពជាសកល ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ការប្តេជ្ញាចិត្តនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Aleksandra Zittle ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។

ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការឃ្លាំមើលជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានលើកឡើងពីអាទិភាពសុខាភិបាលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥–២០៣៤ ដែលផ្តោតសំខាន់លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ការពង្រឹងសន្តិសុខសុខភាពសកល ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញសុខភាពឌីជីថល។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាព និងជំហានបន្ទាប់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឆ្នាំ២០២៦–២០៣០ និងកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក (NIH)។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសុខភាពសកល ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការឃ្លាំមើលជំងឺ ជំងឺគ្រុនផ្តាសាយ ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំបច្ចេកទេសជាប្រចាំ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។

ដោយឡែក ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រឧបករណ៍ និងគ្រឿងបរិក្ខារសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង ដែលនឹងត្រូវប្រគល់ជូនមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន (CENAT) ព្រមទាំងបានស្នើពិចារណារៀបចំពិធីប្រគល់–ទទួល នៅចុងខែកញ្ញា ឬសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៦។

ជាពិសេស ភាគីសហរដ្ឋអាមេរិកបានជម្រាបថា នឹងបន្ថែមផ្តល់ជូនក្រសួងសុខាភិបាលនូវឧបករណ៍ចាប់មូសចំនួន២០ម៉ឺនគ្រឿង បន្ថែមលើចំនួនដែលបានអនុម័តកន្លងមក និងនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។

កិច្ចពិភាក្សានេះ បានបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យសុខាភិបាល ស្របតាម MOU ឆ្នាំ២០២៦–២០៣០ ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល ការឆ្លើយតបចំពោះការគំរាមកំហែងផ្នែកសុខភាព និងការលើកកម្ពស់ការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់ប្រជាជនកម្ពុជា៕

Share.