យោងតាមការចុះផ្សាយរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំណេះ​សំណាល​ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់ព្រឹទ្ធាចារ្យវីរសិល្បករ និងសិល្បករសិល្បការិនីរៀមច្បងប្រមាណ ១៥០ នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌ជាតិ។

ពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស.ស.យ.ក. ដៃគូសប្បុរសជន និងសិល្បកររៀមច្បងជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវក្តីនឹករលឹក និងការកោតសរសើរស្ទើររកលេខប្រៀបប្រៀបប្រឹមមិនបាន ចំពោះវីរភាពតស៊ូដ៏អស្ចារ្យរបស់សិល្បកររៀមច្បងទាំងអស់ ដែលបានឆ្លងកាត់កាលៈទេសៈដ៏លំបាកជាច្រើនសម័យកាល ដើម្បីការពារ និងរក្សាឱ្យបាននូវមរតកដូនតា។ លោកជំទាវបានគូសបញ្ជាក់ថា វប្បធម៌ខ្មែរអាចរស់រានមានជីវិត និងរីកចម្រើនមកទល់សព្វថ្ងៃ គឺដោយសារសិល្បកររៀមច្បង ដែលជាមែកធាង និងជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបន្តវេន។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ឺ វីរៈ តំណាង ស.ស.យ.ក. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងវប្បធម៌ និងលោកគ្រូអ្នកគ្រូសិល្បករទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលើកស្ទួយប្រពៃណី សាសនា និងវប្បធម៌នាពេលកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ៕

Share.