ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានបន្តអនុវត្តវិធានការរឹតបន្តឹងការគ្រប់គ្រង និងចាត់វិធានការចំពោះជនបរទេសដែលល្មើសច្បាប់ ដោយបានបណ្តេញជនជាតិវៀតណាមចំនួន ១៥នាក់ ក្នុងនោះមានស្ត្រី ៥នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចពិនិត្យ និងរកឃើញថា ជនជាតិវៀតណាមទាំង ១៥នាក់ មានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មួយចំនួន រួមមានការជួញដូរ រក្សាទុក សមគំនិត និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន និងប្រកបការងារដោយមិនស្របតាមច្បាប់កម្ពុជា។

ការចាត់វិធានការនេះ សបញ្ជាក់ពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងទប់ស្កាត់ការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើស ឬសកម្មភាពដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាក៏កំពុងបន្តពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងជនបរទេស ជាពិសេសឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងសកម្មភាពឆបោក ដោយផ្តោតលើការស្វែងរក និងបង្ក្រាបអ្នកពាក់ព័ន្ធនៅពីក្រោយសកម្មភាពខុសច្បាប់ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត និងសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព។

សមត្ថកិច្ចបានបញ្ជាក់ថា ការរឹតបន្តឹងការគ្រប់គ្រងជនបរទេស និងការចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តខុសច្បាប់ គឺជាផ្នែកមួយនៃការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយធានាថា អ្នកដែលចូលមកស្នាក់នៅ ឬប្រកបការងារនៅកម្ពុជា ត្រូវគោរព និងអនុវត្តតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕

Share.