ឈៀងម៉ៃ៖ ឧប្បត្តិហេតុទឹកជំនន់ឆាប់រហ័សបោកបក់យកភ្ញៀវទេសចរនៅទឹកធ្លាក់ Mae Sa ខេត្តឈៀងម៉ៃ កាលពីរសៀលថ្ងៃទី១៥ ខែសីហា បានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើស្តង់ដារសុវត្ថិភាព និងប្រព័ន្ធប្រកាសអាសន្នអាសន្នរបស់ថៃ ខណៈការប្រកាសអាសន្នត្រឹមប្រើប្រាស់កញ្ចែដើម្បីជាសញ្ញាព្រមាន ត្រូវបានគេមើលឃើញថា ឆ្លើយតបយឺតយ៉ាវជាងល្បឿនទឹកជំនន់ និងទម្លាក់ហានិភ័យទាំងស្រុងទៅលើជីវិតភ្ញៀវទេសចរ។ ហេតុការណ៍នេះ បានបង្កឱ្យទឹកជំនន់បោកបក់យកភ្ញៀវទេសចរ និងបណ្តាលឱ្យមនុស្សមួយចំនួនរងរបួស។ ទោះបីជាគ្មានករណីបាត់បង់ជីវិតក៏ដោយ តែឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចន្លោះប្រហោង និងភាពទន់ខ្សោយនៃប្រព័ន្ធប្រកាសអាសន្ន និងការគ្រប់គ្រងហានិភ័យតំបន់ទេសចរណ៍ធម្មជាតិរបស់អាជ្ញាធរថៃ។

យោងតាមវីដេអូដែលត្រូវបានថត និងបង្ហោះដោយភ្ញៀវទេសចរម្នាក់នៅលើបណ្តាញសង្គម បានបង្ហាញថា ស្ថានភាពប្រែប្រួលលឿនខ្លាំងរហូតដល់ភ្ញៀវទេសចរស្ទើរតែគ្មានពេលគេចខ្លួន។ សាក្សីបានរៀបរាប់ថា នៅពេលដែលពួកគាត់រៀបនឹងឈានជើងចូលទឹកដើម្បីថតរូប ស្រាប់តែមន្ត្រីឧទ្យានជាតិបានផ្លុំកញ្ចែព្រមានឱ្យឡើងគោក។ ប៉ុន្តែ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ទឹកជំនន់ដ៏ខ្លាំងក្លាបានហក់មកដល់ភ្លាមៗ ដែលបង្ហាញថា ការព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ ស្ទើរតែមិនមានប្រសិទ្ធភាព ឬឆ្លើយតបយឺតយ៉ាវជាងល្បឿននៃកម្លាំងទឹកជំនន់ទៅទៀត។


ទោះបីជាមន្ត្រីឧទ្យានជាតិ Doi Suthep-Pui និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រញាប់ប្រញាល់ចុះជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះម្នាក់ដែលវិលមុខ និងឈឺចាប់ខ្លាំងទៅកាន់មន្ទីរពេទ្យក៏ដោយ ប៉ុន្តែការជួយសង្គ្រោះបែបប្រជែងនឹងពេលវេលានេះ បានបង្ហាញឱ្យឃើញពីភាពទន់ខ្សោយនៃវិធានការការពារមុនហេតុការណ៍កើតឡើង។
ចន្លោះប្រហោងធំមួយនៃប្រព័ន្ធគ្រប់គ្រង គឺការខ្វះខាតបច្ចេកវិទ្យាទំនើប ដោយអាជ្ញាធរនៅតែពឹងផ្អែកលើវិធីសាស្ត្របុរាណដូចជា ការផ្លុំកញ្ចែនៅពេលទឹកជំនន់ហូរមកភ្លាមៗ ជាជាងការបំពាក់ប្រព័ន្ធស៊ីរ៉ែនសេនស័រស្វ័យប្រវត្តិ ឬឧបករណ៍វាស់កម្រិតទឹកនៅផ្នែកខាងលើភ្នំ ដែលអាចផ្តល់សញ្ញាព្រមានទុកជាមុនបានច្រើននាទី។ បន្ថែមពីនេះ វិធានការឆ្លើយតបរបស់អាជ្ញាធរថៃហាក់មានទម្រង់ «ទាល់តែមានហេតុការណ៍ ទើបភ្ញាក់រលឹក» ដោយសារការចងខ្សែ និងការដាក់ទង់ក្រហមហាមឃាត់ ត្រូវបានធ្វើឡើងលុះត្រាតែមានមនុស្សរងគ្រោះ និងត្រូវទឹកហូរនាំយកទៅរួចស្រេចបាត់ទៅហើយ។

បញ្ហានេះមិនត្រឹមតែប្រឈមនៅខេត្តឈៀងម៉ៃប៉ុណ្ណោះទេ សូម្បីតែនៅតំបន់ទេសចរណ៍ល្បីឈ្មោះ Patong នៃខេត្តភូកេត ក៏បានជួបប្រទះការកកស្ទះ និងទឹកជំនន់ដូចគ្នា ដែលចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សារបស់ប្រទេសថៃ។
ក្រោយកើតហេតុ ឧទ្យានជាតិ Doi Suthep-Pui បានត្រឹមតែចេញសេចក្តីណែនាំឱ្យភ្ញៀវទេសចរពិនិត្យកាលអាកាស និងគោរពតាមការណែនាំរបស់មន្ត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ និងមហាជនបានលើកឡើងថា ការទម្លាក់បន្ទុកប្រុងប្រយ័ត្ន និងសុវត្ថិភាពទៅលើភ្ញៀវទេសចរតែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយ ប្រសិនបើអាជ្ញាធរថៃ មិនប្រញាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាប្រកាសអាសន្ន និងបិទតំបន់ប្រឈមគ្រោះថ្នាក់ឱ្យបានមុនពេល ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សាទេនោះ៕

