ព្រះសីហនុ ៖ ទូកនេសាទមួយគ្រឿងជួបគ្រោះថ្នាក់ ដោយផ្ទុះហ្គាសឆេះលិចក្នុងសមុទ្រ បណ្តាលឱ្យស្លាប់ម្នាក់ សង្គ្រោះបាន២នាក់ និងបាត់ខ្លួន២នាក់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងលិចឈៀងខាងជើងកោះដូង ប្រមាណ ១,៧០០ម៉ែត្រ ក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទូកនេសាទមួយគ្រឿងខាងលើ មានគ្នាចំនួន៥នាក់ ហើយបានជួបគ្រោះថ្នាក់ ដោយសារផ្ទុះហ្គាស ឆាបឆេះរួចលិចក្នុងសមុទ្រ បណ្តាលឱ្យស្លាប់ម្នាក់ ក្រុមទូកផ្សេង និងអូប័រ ជួយសង្គ្រោះបាន២នាក់ ចំណែក២នាក់ទៀតបាត់ខ្លួន ។

ប្រភពបន្តទៀតថា ជនរងគ្រោះទាំង៥នាក់មាន ៖ ១ ឈ្មោះ សៅ គ្រិន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ទូក បានស្លាប់ ។ ទី២ ឈ្មោះ សៅ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន ។ ៣ ឈ្មោះ ឃិន សំបូរ ភេទប្រុស អាយុ៤៩ឆ្នាំ បាត់ខ្លួន ។ ៤ ឈ្មោះ អុិន ចាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវបានសង្គ្រោះ ។ ៥ ឈ្មោះ ឈិន សុខុម ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានសង្គ្រោះ ។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក បានសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ និងក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះចំនួន២នាក់ដែលកំពុងបាត់ខ្លួន ។
អត្ថបទ៖ ព្រះសីហនុ

