យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ស្ថានការណ៍សន្តិសុខនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលបានបើកការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្នុងរដ្ឋការ៉េន ដែលស្ថិតនៅទល់មុខខេត្តតាក របស់ប្រទេសថៃ។

ប្រភពដដែលបានបញ្ជាក់ថា ការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវនេះបានកើតឡើងនៅក្នុងក្រុងមីយ៉ាវ៉ាឌី (Myawaddy) ដែលស្ថិតនៅទល់មុខស្រុកម៉ែសត (Mae Sot) និងស្រុកភពប្រា (Phop Phra) របស់ប្រទេសថៃ។ នៅក្នុងប្រតិបត្តិការនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រើប្រាស់អាវុធធុនធ្ងន់ និងធុនស្រាល បាញ់ស្រោចយ៉ាងសន្ធោសន្ធៅ ក្នុងគោលបំណងវាយដណ្តើមយកទីតាំងយុទ្ធសាស្ត្រត្រឡប់មកវិញពីកងកម្លាំងការ៉េន។
ទន្ទឹមនឹងនេះ ដោយសារតែបារម្ភពីហានិភ័យនៃការស្ទាក់វាយប្រហារតាមផ្លូវគោកពីសំណាក់ក្រុមឧទ្ទាម យោធាមីយ៉ាន់ម៉ាបានសម្រេចប្រើប្រាស់យន្តហោះចម្បាំង ដើម្បីបើកការវាយប្រហារតាមអាកាស ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវទម្លាក់ឱ្យកងទ័ពជួរមុខរបស់ខ្លួនដែលកំពុងជាប់ដៃប្រយុទ្ធនៅក្នុងតំបន់នោះ។
យ៉ាងណាមិញ អាវុធតូចធំនៃការប្រយុទ្ធគ្នានេះ បានបណ្តាលឱ្យមានគ្រាប់កាំភ្លើងប្លោងធ្លាក់ឆ្លងដែនចូលមកក្នុងទឹកដីថៃជាថ្មីម្តងទៀត ដោយបានផ្លាតទៅប៉ះចំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមួយនៃខេត្តតាក។ ទោះបីជាហេតុការណ៍ធ្លាក់គ្រាប់ឆ្លងដែននេះ មិនបានបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតយ៉ាងណាក្តី ប៉ុន្តែវាបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋថៃរស់នៅតាមព្រំដែន ដែលធ្លាប់រងគ្រោះដោយសារគ្រាប់ផ្លាតបែបនេះជាច្រើនលើកមកហើយ។
ការផ្ទុះអាវុធជាថ្មីយ៉ាងសាហាវឃោរឃៅនៅជិតរបងផ្ទះថៃនេះ កំពុងតែចោទជាសម្ពាធយ៉ាងធ្ងន់ធ្ងរលើការការពារសន្តិសុខព្រំដែនរបស់អាជ្ញាធរថៃ ខណៈដែលហានិភ័យនៃគ្រាប់កាំភ្លើងឆ្លងដែន និងលំហូរជនភៀសខ្លួនកំពុងតែចោទជាបញ្ហាប្រឈមស្រស្រាក់ស្រស្រាំជាថ្មីម្តងទៀត៕

