កណ្ដាល៖ សមត្ថកិច្ចក្រុងតាខ្មៅ បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ព្រមទាំងវត្ថុតាងមួយចំនួន ក្នុងនោះមានកាំភ្លើងខ្លីកែច្នៃប្រើហ្គាសបាញ់គ្រាប់កង់មួយដើម។

ករណីទី១ បានកើតឡើងនៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះប្រតិបត្តិការបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងខាងលើ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅក្នុងបន្ទប់ និងរកឃើញថ្នាំញៀន៣កញ្ចប់ ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ។ បន្ទាប់មក សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ព្រមទាំងរកឃើញថ្នាំញៀន២កញ្ចប់បន្ថែម។

សរុបវត្ថុតាងក្នុងករណីទី១ រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក៥កញ្ចប់ ទម្ងន់សរុប៦១,៣៦ក្រាម ម៉ូតូម៉ាក SONIC មួយគ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយ ទូរស័ព្ទដៃ២គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

ជនសង្ស័យទាំង៥នាក់មានឈ្មោះ ហ៊ន វឌ្ឍនះ ហៅ ឈុយ អាយុ២៨ឆ្នាំ, ដែក ស្រីនាង ហៅ ល័ក្ខ អាយុ១៨ឆ្នាំ, គឹម ឡេង អាយុ១៧ឆ្នាំ, ហៀង គីមឆ័ង អាយុ២៦ឆ្នាំ និង ឡាប សៀងថាវ អាយុ២៥ឆ្នាំ។

ចំណែកករណីទី២ បានកើតឡើងនៅវេលាម៉ោង១២:២០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះពិនិត្យទីតាំង បន្ទាប់ពីទទួលព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀន។

នៅទីតាំងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ ទម្ងន់០,៣៤ក្រាម កាំភ្លើងខ្លីម៉ាក GLOCK ប្រើហ្គាស កែច្នៃបាញ់គ្រាប់កង់មួយដើម និងទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង។

ជនសង្ស័យក្នុងករណីទី២ មានឈ្មោះ ថេង សុខវេង អាយុ២៧ឆ្នាំ និង រឿន វណ្ឌី អាយុ២៣ឆ្នាំ។ តាមការសាកសួរ ជនសង្ស័យឈ្មោះ ថេង សុខវេង បានឆ្លើយថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញ គឺជារបស់ខ្លួនដែលបានទិញយកមកប្រើប្រាស់ ខណៈកាំភ្លើងខ្លីមិនមែនជារបស់ខ្លួនទេ។

បន្ទាប់ពីបង្ក្រាបករណីទាំងពីរ ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្ដាល

Share.