ត្បូងឃ្មុំ៖ វត្ថុតាងបារីក្លែងក្លាយ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោលនៅខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការផលិត និងចរាចរផលិតផលក្លែងក្លាយដែលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច និងចំណូលពន្ធរដ្ឋ។



ពិធីដុតបំផ្លាញនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
វត្ថុតាងដែលត្រូវបានកម្ទេចរួមមាន បារីក្លែងក្លាយជាង ៦០ម៉ាក ដូចជា Marlboro, ESSE, MEVIUS និង 555 ព្រមទាំងបារីចិន និងបារីម៉ាកបរទេសផ្សេងៗ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយ។
វត្ថុតាងទាំងនេះជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងរោងចក្រចំនួន៦កន្លែង និងឃ្លាំងស្តុកចំនួន១កន្លែង ក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម លី សុផាន់ណា បានបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងនេះមានគោលបំណងទប់ស្កាត់ការផលិត ជួញដូរ និងចរាចរផលិតផលក្លែងក្លាយ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ និងការបាត់បង់ចំណូលពន្ធរដ្ឋ។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម និងពង្រឹងសុវត្ថិភាពសង្គមផងដែរ។
វត្ថុតាងទាំងអស់ត្រូវបានដុតកម្ទេចនៅនឹងកន្លែង ដើម្បីធានាថាមិនអាចត្រូវបានយកទៅចរាចរលក់នៅលើទីផ្សារឡើងវិញ។ អាជ្ញាធរបានបញ្ជាក់ថា ការបង្ក្រាប និងកម្ទេចផលិតផលក្លែងក្លាយនឹងបន្តអនុវត្តស្របតាមច្បាប់ ដោយមានការសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ៕
អត្ថបទ៖ ចតុម្មុខ
