ការផ្ទុះឡើងវិញយ៉ាងសន្ធោសន្ធៅនៃអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ បានស្ដែងឱ្យឃើញកាន់តែច្បាស់ពីការធ្លាក់ចុះឥទ្ធិពល និងអសមត្ថភាពរបស់កងកម្លាំងសន្តិសុខថៃ ក្នុងការគ្រប់គ្រងសភាពការណ៍។ ក្រោយពេលក្រុមប្រដាប់អាវុធបើកការវាយប្រហារលើទីតាំងសំខាន់ៗ ជាង ៥០កន្លែងក្នុងពេលប្រហាក់ប្រហែលគ្នាកាលពីយប់ថ្ងៃទី២២ ខែសីហា នៅខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធិវ៉ាត់ មេបញ្ជាការយោធភូមិភាគទី៤ លោក នរៈធិប ពោយ៉ាណក (Norathip Poyanok) បានចេញមុខអះអាងថា សកម្មភាពទាំងនេះគ្រាន់តែជា «ការសងសឹក» របស់ក្រុមប្រដាប់អាវុធខុសច្បាប់ដែលបាត់បង់ផលប្រយោជន៍ពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនតែប៉ុណ្ណោះ។

ទោះបីជាភាគីយោធាព្យាយាមបង្វែរដានថា ខ្លួនកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើបណ្តាញឧក្រិដ្ឋកម្មតាមរយៈយុទ្ធនាការ ៩០ថ្ងៃក៏ដោយ ប៉ុន្តែទំហំ និងលក្ខណៈជាប្រព័ន្ធនៃការវាយប្រហារដែលរួមមាន ការបំផ្ទុះគ្រាប់បែក ការដុតកម្ទេចការិយាល័យរដ្ឋ និងការដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បានបង្ហាញឱ្យឃើញពីភាពទន់ខ្សោយយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់ថៃ។ ការដែលក្រុមប្រដាប់អាវុធអាចរៀបចំផែនការ និងវាយប្រហារទ្រង់ទ្រាយធំក្នុងពេលតែមួយបាន បង្ហាញថា ការអះអាងអំពីការក្តាប់ស្ថានការណ៍បានរបស់កងទ័ព គ្រាន់តែជាការលុបលាងកំហុសផ្នែកសន្តិសុខតែប៉ុណ្ណោះ។




ជំនួសឱ្យការទទួលស្គាល់ចន្លោះប្រហោងនៃការការពារសន្តិសុខជូនប្រជាពលរដ្ឋ អាជ្ញាធរថៃបានត្រឹមតែសន្យាថា នឹងស៊ើបអង្កេត និងបន្តយុទ្ធនាការក្តៅគគុកបន្ថែមទៀត។ ហើយការទម្លាក់មូលហេតុនៃអំពើហិង្សារ៉ាំរ៉ៃនៅភាគខាងត្បូង ទៅលើតែរឿង «លុយខ្មៅ និងគ្រឿងញៀន» ដោយមើលរំលងឫសគល់នៃបញ្ហានយោបាយ និងជម្លោះជាតិសាសន៍ បានឆ្លុះបញ្ចាំងពីភាពអន់ថយនៃយុទ្ធសាស្ត្ររបស់កងទ័ពថៃ ដែលរហូតមកដល់ពេលនេះ នៅតែមិនអាចធានាសុវត្ថិភាពជាមូលដ្ឋានជូនពលរដ្ឋក្នុងតំបន់បានដដែលពោលគឺ ពលរដ្ឋភាគខាងត្បូងត្រូវរស់នៅទាំងភាពភិតភ័យជារៀងរាល់ថ្ងៃ។
ទន្ទឹមនោះ លោក អនុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏បានព្យាយាមសម្រាលស្ថានការណ៍ដោយអះអាងថា ការបង្កចលាចលនៅព្រំដែនភាគខាងត្បូងគ្រាន់តែជា «ការបង្កើតស្ថានការណ៍រំខាន» និងមិនមានចេតនាប៉ងយកជីវិតមនុស្សនោះទេ ពោលគឺពួកគេគ្រាន់តែចេញមកធ្វើប្រតិកម្មតបតពីក្រុមប្រដាប់អាវុធ ក្រោយពេលអាជ្ញាធររដ្ឋបើកយុទ្ធនាការក្តៅគគុក បង្រ្កាបក្រុមភេរវករ ដកហូតទ្រព្យសម្បត្តិ និងចាប់ខ្លួនបទល្មើសគ្រឿងញៀន ព្រមទាំងទំនិញគេចពន្ធដូចជាបារីជាដើម។
យ៉ាងណាម៉ិញ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃ ពាក់ព័ន្ធនឹងការវាយប្រហារជាង ៥០កន្លែងនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រសម្រាលកំហុស និងបង្វែរអារម្មណ៍សាធារណជន ដើម្បីបិទបាំងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធការពារជាតិ និងការមិនអាចធានាសុវត្ថិភាពជូនពលរដ្ឋស៊ីវិលនៅក្នុងតំបន់ភាគខាងត្បូងបានតែប៉ុណ្ណោះ៕
