ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់ទោសជនជាតិកូរ៉េម្នាក់ឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំដដែល ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលដៅនាំទៅប្រទេសកូរ៉េ។






សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមសាលក្រម សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសជនជាតិកូរ៉េ២នាក់ គឺឈ្មោះ Kim Jang Eun ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ Lee Hyeran ភេទស្រី អាយុ៤០ឆ្នាំ ដែលត្រូវបានរាយការណ៍ថាជាប្តីប្រពន្ធ ឱ្យជាប់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ៨០លានរៀល ពាក់ព័ន្ធបទល្មើសរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈមន្ត្រីគយ និងរដ្ឋាករបានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េចំនួន២នាក់ ដែលត្រៀមធ្វើដំណើរតាមជើងយន្តហោះ ZA215 ឆ្ពោះទៅប្រទេសកូរ៉េ។
ក្នុងការត្រួតពិនិត្យ មន្ត្រីបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។ តាមលទ្ធផលតេស្តបឋម ម្សៅទាំងនោះត្រូវបានកំណត់ថាជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់១,២៩០.៧៩ក្រាម និង Ketamine ទម្ងន់៩៨៧.៤២ក្រាម។
ក្រោយការបង្ក្រាប ជនសង្ស័យ វត្ថុតាង និងសម្ភារពាក់ព័ន្ធ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ
