ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងចំនួន២កន្លែង នៅក្រុងបាវិត ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយបានរកឃើញជនជាតិវៀតណាមចំនួន១៩នាក់។



ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវត្តឡុក ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្រោមការដឹកនាំរបស់លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងទាំង២ និងរកឃើញជនសង្ស័យសរុប១៩នាក់ ក្នុងនោះស្ត្រី៣នាក់ ដែលសុទ្ធតែជាជនជាតិវៀតណាម។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ All-in-One ម៉ូនីទ័រ និង CPU លិខិតឆ្លងដែន ទូរសព្ទដៃប្រភេទផ្សេងៗ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ជនបរទេសទាំង១៩នាក់ និងវត្ថុតាង ត្រូវបានបញ្ជូន និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាម។
ចំណែកទីតាំងទាំង២ ត្រូវបានក្រុមការងារសម្រេចបិទសៀលជាបណ្តោះអាសន្ន ដើម្បីបន្តការត្រួតពិនិត្យ និងចាត់ការតាមនីតិវិធីពាក់ព័ន្ធ៕
អត្ថបទ៖ ចតុម្មុខ
