បាងកក៖ ស្របពេលដែលមានការចែកចាយពេញបណ្ដាញសង្គម ថា ថ្នាំញៀនយ៉ាម៉ា ឬ មេតំហ្វេតាមីន ត្រូវបានចុះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO នោះ អាជ្ញាធរថៃបានចេញមុខបដិសេធជាបន្ទាន់ ដោយអះអាងថា នោះគឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ការលេចឡើងនូវព័ត៌មានបកអាក្រាតបែបនេះ បានឆ្លុះបញ្ចាំងពីការពិតដ៏អាក្រក់មួយ ដែលប្រទេសថៃព្យាយាមលាក់បាំង តែក៏ត្រូវបណ្ដាញសារព័ត៌មានធំៗក្នុងប្រទេសថៃខ្លួនឯង ផ្សព្វផ្សាយពីការរឹបអូសបានថ្នាំញៀនរាប់មិនអស់ ដោយក្នុងនោះសារព័ត៌មានអន្តរជាតិធំៗ បានហៅប្រទេសនេះថាជាប្រភពផលិត ចែកចាយ និងជាស្ពានចម្លងគ្រឿងញៀនដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវិបត្តិនេះបានហួសពីកម្រិតគ្រោះថ្នាក់ក្នុងប្រទេសថៃ តែវាបានក្លាយជាកង្វល់សន្តិសុខសកល ដែលនាំឱ្យប្រទេសផ្សេងៗទៀត មានការព្រួយបារម្ភ និងព្យាយាមរឹតបន្ដឹងទៅលើទំនិញ និងអ្នកដំណើរមកពីប្រទេសនេះបាត់ទៅហើយ។

ផ្អែកតាមស្ថិតិរបស់នាយកដ្ឋានសង្កេតការណ៍ និងគាំពារអនីតិជន ដែលបានចេញនៅក្នុងឆ្នាំ២០២៦នេះ ក្នុងចំណោមបទល្មើសបង្កដោយអនីតិជនថ្មីៗ ចំនួន ១៣,៧៤១ករណី គឺមានរហូតដល់ ៧,០៤១ករណីទៅហើយ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពោលគឺស្មើនឹង ៥១.២៤% នៃករណីទាំងអស់។

បច្ចុប្បន្នថ្នាំញៀនយ៉ាម៉ា ឬមេតំហ្វេតាមីន ក្នុងប្រទេសថៃ ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ៣០ ទៅ ៥០បាត (ប្រមាណ ១ដុល្លារ) ប៉ុណ្ណោះក្នុងមួយគ្រាប់ ដែលតម្លៃនេះថោកជាងអាហារមួយពេលទៅទៀត ជាហេតុធ្វើឱ្យកុមារ និងយុវជនងាយស្រួលទិញប្រើប្រាស់។ អាយុរបស់អ្នកញៀនថ្នាំនៅថៃ បានធ្លាក់ចុះដល់កម្រិតអាសន្ន ដោយអាជ្ញាធររកឃើញថា កុមារខ្លះមានអាយុទើបតែ ១១ឆ្នាំប៉ុណ្ណោះ បានធ្លាក់ខ្លួនចូលក្នុងបណ្តាញគ្រឿងញៀនទៅហើយ។ នេះបើយោងតាម លោក Kittichai Lueakuakul សមាជិកគណៈកម្មាធិការមូលនិធិមជ្ឈមណ្ឌលសិក្សាការប្រើប្រាស់សារធាតុញៀនខុសច្បាប់ (SAAF) និងជាអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យឈៀងម៉ៃ បានគូសបញ្ជាក់ក្នុងវេទិកាសាស្ត្រាចារ្យកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

យ៉ាងណាម៉ិញ ការចេញមុខបដិសេធ និងការទម្លាក់កំហុសទៅលើបច្ចេកវិទ្យា AI ជុំវិញព័ត៌មានដែលថៃដាក់បញ្ជូលថ្នាំញៀនចូលជាសម្បត្តិវប្បធម៌ពិភពលោកនេះ អាចបិទបាំងបានតែនៅលើក្រដាស ឬបណ្តាញសង្គមមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបិទបាំងវិបត្តិពិតប្រាកដនៃការទិញលក់ និងការប្រើប្រាស់ថ្នាំញៀនយ៉ាងសេរីក្នុងសង្គមថៃ ដែលកំពុងស៊ីរូងផ្ទៃក្នុងរបស់ប្រទេសនេះបានឡើយ។ ការដែលសាធារណជនជឿ និងចែកចាយព័ត៌មាននេះយ៉ាងឆាប់រហ័ស ដោយមិនបានផ្ទៀងផ្ទាត់រកការពិតនោះ បានបង្ហាញយ៉ាងច្បាស់ថា នៅក្នុងភ្នែកមហាជន និងសហគមន៍អន្តរជាតិ រូបភាពដែលធ្លាប់តែអួតថាល្អ នៃប្រទេសថៃ និងបញ្ហាគ្រឿងញៀន ត្រូវបានមើលឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយសារតែការធូររលុងនៃការអនុវត្តច្បាប់ និងគ្មានចំណាត់ការច្បាស់លាស់ណាមួយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ។

ប្រសិនបើស្ថានភាពនេះនៅតែបន្តដោះស្រាយមិនចេញទេនោះ ឈ្មោះរបស់ថៃពិតជាអាចនឹងត្រូវពិភពលោកចងចាំក្នុងនាមជា «រាជធានីនៃគ្រឿងញៀនប្រចាំតំបន់ តែមិនមែនជាឋានសួគ៌ទេសចរដូចពីមុនទៀតឡើយ»៕

ប្រភព៖ Khaosod English

Share.