ក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ បានធ្វើ​ការ​ប្រកួត​មិត្តភាពសប្បុរសធម៌ ជាមួយ​ក្រុម​ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ» ដោយ​គៀងគរថវិកាបានជាង ៤០០លានរៀល។

កម្មវិធីនេះមានការអញ្ជើញជាអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សនុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡាដ្ឋានខេត្តកណ្ដាល កាល​ពីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះគឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។

ឯកឧត្តមបានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។

បេសកកម្មបន្ត​របស់​​ក្រុម​បាល់ទាត់​ ស.ស.យ.ក អលស្ដារ នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ នឹងមានការប្រកួតមិត្តភាពសប្បុរសធម៌មួយទៀត ទល់នឹងក្រុមបាល់ទាត់តារាកម្ពុជា ដែលនឹងរៀបចំនៅកីឡដ្ឋានស្ដាតចាស់ ។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំ ដើម្បីចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

មកទល់ពេលនេះ ក្រោយយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ត្រូវបានប្រកាសបើកទទួលការបរិច្ចាគពីសប្បុរសជន កាលពីថ្ងៃទី១២ ខែសីហា ដែល​ជាការ​ប្រកួត​ទី១ ជាមួយ​ក្រុម​ ខេត្តកំពង់​ស្ពឺ ឃើញមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគយ៉ាងផុសផុល ទាំងថវិកា និងសម្ភារ ជាគោលដៅ​រួម​គ្នា​បង្កើត​កម្មវិធី​បាល់ទាត់​បេះដូងសប្បុរសដើម្បី រៃអង្គាស​ថវិកា​ សម្ភារ​ ចុះ​ទៅ​ឧបត្ថម្ភ​ដល់​ភូមិ​រង់ចាំ​ផ្ទាល់​តែ​ម្ដង​នៅ​ថ្ងៃ​ទី១២-១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ ខាង​មុខ​។។

គួរ​បញ្ជាក់ថា រាល់ជំនួយទទួលបានពីការបរិច្ចាគទាំងអស់នេះ នឹងត្រូវរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំងអស់ ដោយថ្នាក់ដឹកនាំ និងកីឡាករនៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងរៀបចំកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ភូមិមួយ​ថ្ងៃ​ដំបូង បែប​ទេសចរណ៍ Homestay បន្ទាប់​មក​ថ្ងៃ​ទី២​ បាន​ចាប់​ផ្ដើម​សកម្មភាព​ជួបជុំ​សំណេះសំណាល​ និង​ឧបត្ថម្ភ​ថវិកា​ សម្ភារ​ ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក។​

ដូច​នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋរចង់ចូលរួម ថវិកា សម្ភារៈ សូមអញ្ជើញផ្តល់នូវការចូលរួមផ្ទាល់នៅទីស្តីការ Campus (អគារ Campus) ដែលមានទីតាំងនៅផ្លូវស្ពានអាកាសក្បាលថ្នល់ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ៣០ ខែសីហា ម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ។ គោលដៅមួយទៀតគឺ ចាំទទួលថ្ងៃដែលធំគឺថ្ងៃទី ២៩ ខែសីហា អាចបងប្អូនយកទៅដល់ស្តាតចាស់តែម្តង ឬ​ទំនាក់ទំនង​តាម​រយៈ​ហ្វេសបុក​ផេក​ UYFC All Star Football និង​លេខ​ទូរសព្ទ​​ 011 5555 95៕​


Share.