ភ្នំពេញ៖ ការថែទាំសុខភាពជនជាប់ឃុំ ត្រូវបានបន្តយកចិត្តទុកដាក់ ខណៈអង្គការមួយសម្រាប់មួយ (One-2-One) បានសហការជាមួយមណ្ឌលអប់រំកែប្រែទី១ ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញជូនជនជាប់ឃុំជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីជំនាញផ្នែកសុខាភិបាល នៃមណ្ឌលអប់រំកែប្រែទី១ បានសហការជាមួយក្រុមការងារគ្រូពេទ្យនៃអង្គការមួយសម្រាប់មួយ (One-2-One) ចុះផ្តល់សេវាសុខភាពមាត់ធ្មេញជូនជនជាប់ឃុំចំនួន ២៦នាក់ នៅក្នុងមណ្ឌល។

សកម្មភាពនេះ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.៣ ណម ប៊ុនឆយ ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា សហការជាមួយលោកស្រី សុខ បុល អ្នកសម្របសម្រួលក្រុមការងារគ្រូពេទ្យ នៃអង្គការមួយសម្រាប់មួយ (One-2-One) និងមន្ត្រីជំនាញពាក់ព័ន្ធ។

តាមរបាយការណ៍ ចាប់ពីដើមខែមករា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អង្គការមួយសម្រាប់មួយ (One-2-One) បានចុះផ្តល់សេវាសុខភាពមាត់ធ្មេញនៅមណ្ឌលអប់រំកែប្រែទី១ ចំនួន ២៥លើក និងបានផ្តល់សេវាជូនជនជាប់ឃុំសរុប ១,២៨៥នាក់។

ការផ្តល់សេវាសុខភាពជាប្រចាំនេះ គឺជាការរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ជនជាប់ឃុំ ព្រមទាំងគាំទ្រដល់ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ឱ្យកាន់តែមានប្រសិទ្ធភាព៕

Share.